UN៖ អាកាសធាតុអាក្រក់បានសម្លាប់មនុស្ស ២លាននាក់ និងបង្កការខូចខាត ៤.៣ពាន់លានដុល្លារ
ហ្សឺណែវ៖ ក្នុងរបាយការណ៍ដែលបានធ្វើបច្ចុប្បន្នភាព អង្គការឧតុនិយមពិភពលោកឱ្យដឹងថា មានគ្រោះមហន្តរាយជិត ១២,០០០ករណីបង្កឡើងដោយអាកាសធាតុធ្ងន់ធ្ងរ និងបាតុភូតទាក់ទងនឹងទឹកជំនន់ក្នុងរយៈពេលកន្លះសតវត្សចុងក្រោយនេះ នៅទូទាំងពិភពលោក ដែលបានឆក់យកជីវិតមនុស្សជាង ២លាននាក់ និងបណ្តាលឱ្យមានការខូចខាតសេដ្ឋកិច្ចចំនួន ៤.៣ពាន់ពាន់លានដុល្លារ។
ទីភ្នាក់ងារឧតុនិយមរបស់អង្គការសហប្រជាជាតិ (WMO) បាននិយាយនៅថ្ងៃចន្ទនេះថា ការខូចខាតសេដ្ឋកិច្ចដែលបង្កដោយគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុនៅតែបន្តកើនឡើង បើទោះបីជាការកែលម្អនៅក្នុងប្រព័ន្ធព្រមានជាមុន បានជួយកម្រិតចំនួនអ្នកស្លាប់ និងរបួសក៏ដោយ។
ការសន្និដ្ឋានយ៉ាងមុតមាំដែលបានមកពីអង្គការឧតុនិយមពិភពលោក (WMO) នេះ ធ្វើឡើងនៅក្នុងសន្និសីទរយៈពេល ៤ឆ្នាំរបស់ខ្លួនក្នុងចំណោមរដ្ឋជាសមាជិក ដោយសង្កត់ពីភាចាំបាច់ត្រូវធ្វើបន្ថែមទៀត ដើម្បីកែលម្អប្រព័ន្ធព្រមានជាមុន សម្រាប់ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរត្រឹមកាលបរិច្ឆេទគោលដៅនៃឆ្នាំ២០២៧។
WMO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការខាតបង់ផ្នែកសេដ្ឋកិច្ចបានកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែការធ្វើឱ្យប្រសើរឡើងនូវការព្រមានជាមុន និងការគ្រប់គ្រងគ្រោះមហន្តរាយ បានកាត់បន្ថយចំនួនមនុស្សស្លាប់ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ និន្នាការកើនឡើងនៃការខាតបង់សេដ្ឋកិច្ចត្រូវបានគេរំពឹងថានឹងបន្ត»៕