បណ្ឌិត ហ៊ុ ន ម៉ាណែត ជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត  ហ៊ុន ម៉ាណែត សមាជិកគណៈ​អចិន្រ្តៃយ៍​នៃគណៈកម្មាធិការកណ្តាល និងប្រធានយុវជន​គណបក្សប្រជាជន​កម្ពុជាថ្នាក់កណ្តាល បាន​អនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹកនាំដោយលោក ចាវ ស៊ីថុង ប្រធាននាយកដ្ឋានកិច្ចការអាស៊ី២នៃក្រសួងទំនាក់ទំនង​អន្តរជាតិមជ្ឈិមបក្សកុម្មុយ​នីស្តចិន ចូលជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការ​មកកាន់ព្រះរាជា​ណាចក្រ​កម្ពុជា។

កិច្ចជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល យោគយល់ និងក្នុងស្មារតីជឿទុកចិត្តគ្នា បន្តរួមចំណែកពូនជ្រំ និងលើកកម្ពស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និង  កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស ប្រជាជន និងជាពិសេសយុវជន នៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ប្រកបដោយយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងប្រកបដោយផ្លែផ្កា។

ភាគីទាំងពីរ បានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើន​ឥតឈប់ឈរ​នៃទំនាក់ទំនង​រវាងគណបក្សប្រទេសទាំងពីរ ព្រមទាំងបានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចសហប្រតិបត្តិការ​​លើគ្រប់វិស័យ នាពេលកន្លងមក ជាអាទិ៍៖ ការទូត ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ សុខាភិបាល អប់រំ កីឡា វប្បធម៌ និងជាពិសេស​គម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន។ល។ ដែលមានការរីក​ចម្រើនគួរឱ្យកត់សំគាល់ ហើយប្តេជ្ញាបន្តពង្រឹងឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។  លើលពីនេះទៅទៀត ភាគីទំាងពីរក៏បានអះអាងផងដែរថា ទំនាក់ទំនងរវាងគណបក្ស រដ្ឋាភិបាល ប្រជាជននិងប្រជាជន ជាពិសេសយុវជន ពិតជាបានរួមចំណែកយ៉ាងធំធេងដល់ការកសាង​សហគមន៍​​ជោគវាសនារួមកម្ពុជា-ចិន។

ភាគីទាំងពីរបានឯកភាពគ្នា បន្តថែរក្សាទំនាក់ទំនងដ៏ល្អប្រសើរលើគ្រប់វិស័យ គ្រប់កម្រិត ឱ្យកាន់តែរឹងមាំថែមទៀត ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិវឌ្ឍ​នៃប្រទេសទាំងពីរ ព្រមទាំងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នា​ទៅវិញទៅមកនៅលើវេទិកាពហុភាគីនានា ទាំងក្នុងកម្រិតតំបន់ និងសាកលលោក៕