អ៊ីរ៉ង់ប្តូរប្រមុខទីភ្នាក់ងារសន្តិសុខថ្មី ក្រោយកាន់តំណែងជិតមួយទសវត្សរ៍

តេហេរ៉ង់៖ លោក អាលី សាំខានី (Ali Shamkhani) ដែលជាឥស្សរជនកំពូលមួយរូបនៅក្នុងស្ថាប័នអ៊ីរ៉ង់ បានចាកចេញពីមុខតំណែងជាប្រមុខទីភ្នាក់សន្តិសុខហើយ បន្ទាប់ពីកាន់តំណែងអស់រយៈពេលជិតមួយទសវត្សរ៍។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រធានាធិបតី លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បានតែងតាំង លោក អាលី អាកបា អាម៉ាឌីយ៉ាន (Ali Akbar Ahmadian) ដែលជាមេបញ្ជាការជាន់ខ្ពស់នៅក្នុងកងឆ្មាំបដិវត្តន៍ (IRGC) ឲ្យកាន់តួនាទីជាប្រមុខទីភ្នាក់សន្តិសុខជំនួស លោក សាំខានី។ លោក សាំខានី បានបង្ហាញខ្លួនដើម្បីប្រកាសពីការចាកចេញនេះ កាលពីល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។

នៅឯសុន្ទរកថាស្តីពីសន្តិសុខជាតិ ដែលប្រែទៅជាសុន្ទរកថាលាគ្នា លោក សាំខានី និយាយថា សណ្តាប់ធ្នាប់ពិភពលោកកំពុងផ្លាស់ប្តូរ ហើយអ៊ីរ៉ង់ក៏ត្រូវការកែសម្រួលគោលនយោបាយម៉ាក្រូរបស់ខ្លួន ឲ្យសមស្របទៅនឹងបរិបទថ្មីនេះ។ យ៉ាងនេះក្តី មិនមានហេតុផលផ្លូវការលម្អិតណាមួយ ត្រូវបានផ្តល់ឲ្យសម្រាប់ការចាកចេញរបស់ លោក សាំខានី នោះទេ ប៉ុន្តែវាអាចបង្ហាញថា អ៊ីរ៉ង់កំពុងឆ្ពោះទៅកាន់ទិសដៅអភិរក្សនិយមជាងនេះទៅទៀត ខណៈដែលលោក សាំខានី Shamkhani ត្រូវបានគេចាត់ទុកថាជាមនុស្សប្រកាន់គោលជំហរខ្ពស់។

សូមជម្រាបថា លោក សាំខានី ត្រូវបានតែងតាំងជាប្រមុខនៃទីប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ កាលពីខែកញ្ញា ឆ្នាំ២០១៣ ហើយបានដើរតួយ៉ាងសំខាន់ ក្នុងការរៀបចំគោលនយោបាយសន្តិសុខរបស់ប្រទេស ក្នុងទសវត្សរ៍កន្លងមក៕