សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមគ្រូពេទ្យចាត់ទុកការជួយសង្គ្រោះជីវិតប្រជាជនជាស្នូលនៅក្នុងវិជ្ជាជីវៈ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រុមគ្រូពេទ្យគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈក្នុងការព្យាបាលប្រជាជន ហើយចាត់ទុកការបម្រើ និងសង្គ្រោះប្រជាជនគឺជាស្នូល ធ្វើជាគោលដៅសកម្មភាពសម្រាប់គ្រូពេទ្យ។

សម្តេចតេជោបានថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវ«អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែតនាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ថា៖« ក្រុមគ្រូពេទ្យត្រូវគិតដល់ជីវិតមនុស្ស គឺសំខាន់ណាស់ យើងធ្វើពេទ្យដើម្បីសង្គ្រោះមនុស្ស នេះជាសីលធម៌ចម្បងរបស់ក្រុមគ្រូពេទ្យ»។

ខណៈក្រុមគ្រូពេទ្យមានប្រសិទ្ធិនាមថា កងទ័ពអាវស សម្តេចតេជោ បានណែនាំឱ្យក្រុមគ្រូពេទ្យមិនត្រូវឱ្យឈ្មោះនេះបាត់បង់ទៅវិញដោយសារតែបញ្ហាបុគ្គលរបស់គ្រូពេទ្យ។

ជាមួយគ្នានេះ សម្តេចបានណែនាំឱ្យក្រុមគ្រូពេទ្យត្រូវលើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកទេសឱ្យបានច្បាស់លាស់ក្នុងការព្យាបាលអ្នកជំងឺ។ សម្តេចបានថ្លែងថា៖«បច្ចេកទេសដែលគ្មានការគ្រប់គ្រងដោយក្រមសីលធម៌មួយទេ បច្ចេកទេសនឹងនាំឱ្យមានគ្រោះថ្នាក់»៕