សម្តេចតេជោស្នើជប៉ុនបន្តជួយឱ្យវិស័យឌីជីថលនៅកម្ពុជាបោះជំហានទៅមុខបន្ថែមទៀត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនជប៉ុន DMG MORI លោក Mori Masahiko នៅល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
ជំនួយការសម្ដេចតេជោ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងជំនួបទ្វេភាគីនោះ លោកប្រធានក្រុមហ៊ុនជប៉ុន DMG MORI បានលើកឡើងពីមជ្ឃមណ្ឌលផលិតកម្មឌីជីថលកម្ពុជា-ជប៉ុន ដែលមជ្ឈមណ្ឌលនេះជំរុញការធ្វើឌីជីថលពាណិជ្ជកម្មឧស្សាហកម្មនៅកម្ពុជា ជំរុញការអភិវឌ្ឍធនធានមនុស្សលើវិស័យឌីជីថលឧស្សាហកម្ម និងជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មដែលប្រើប្រាស់ប្រព័ន្ធឌីជីថល។
ឯកឧត្តម អ៊ាង សុផល្លែត បានដកស្រង់សម្តីរបស់ លោក Mori Masahikoថា ក្រុមហ៊ុន DMG MORI នឹងបន្តហ្វឹកហាត់ដល់កម្ពុជាក្នុងការប្រើប្រាស់ម៉ាស៊ីន និងបន្តបង្រៀនដល់និស្សិតកម្ពុជា។ លោកបានស្នើដល់សម្តេចតេជោគាំទ្រលើគម្រោងនេះ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចគាំទ្រនូវគម្រោងមួយនេះ ហើយសម្តេចបានជម្រាបជូនលោក Mori Masahiko ថាកម្ពុជាកំពុងជំរុញផ្នែកឌីជីថល ដោយកម្ពុជាមានគោលដៅ២ ទី១ គឺការជំរុញការវិនិយោគលើវិស័យឧស្សាហកម្ម បម្រើឱ្យការកែច្នៃវត្ថុធាតុដើមដែលមានស្រាប់សម្រាប់ការនាំចេញ ហើយគោលដៅទី២ គឺទាក់ទាញបច្ចេកវិទ្យាថ្មីមកផលិតនៅកម្ពុជា។ ជាមួយគ្នានេះសម្តេចបានស្នើសុំឱ្យក្រុមហ៊ុន DMG MORI និងរដ្ឋាភិបាលជប៉ុនបន្តជួយដល់កម្ពុជាដើម្បីឱ្យវិស័យឌីជីថលនៅកម្ពុជាឈានបោះទៅមុខបន្ថែមទៀត៕