សម្ដេចតេជោ៖ ជនណាក៏ដោយ ឲ្យតែមានទំនាក់ទំនង ជាមួយជនក្បត់ជាតិ ៣ជំនាន់មិនអាចទទួល បានការយោគយល់ពី ហ៊ុន សែន នោះឡើយ

ភ្នំពេញ៖ ជាមួយនឹងការប្រកាសមិនទទួលយកការសុំទោស របស់ លោក ជា ប៉ូច នៅព្រលប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា ជនណាក៏ដោយ ឲ្យតែមានទំនាក់ទំនង ជាមួយជនក្បត់ជាតិ៣ជំនាន់ (សម រង្ស៊ី) មិនអាចទទួល បានការយោគយល់ពី ហ៊ុន សែន នោះឡើយ។

តាមរយៈបណ្តាញសង្គម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «សម្រាប់ខ្ញុំការសុំទោសត្រឹមប៉ុណ្ណេះរបស់ ជា ប៉ូច មិនគ្រប់គ្រាន់ទេព្រោះ ជា ប៉ូច ជាមនុស្សក្រឡិចក្រឡុចបំផុត។ ខ្ញុំនិងកូនខ្ញុំក៏ដូចជាមន្ត្រីផ្សេងទៀតបានថ្នាក់ថ្នម ជា ប៉ូច រយៈពេលជាង៤ឆ្នាំ តែទីបំផុត ខ្ញុំបានក្លាយជាគោលដៅនៃការកំចាត់ចោល (ទម្លាក់) របស់ ជា ប៉ូច តាមការចង់បានរបស់អាក្បត់ជាតិ ៣ជំនាន់ទៅវិញ»។

សម្តេចបានបន្តទៀតថា៖ «គិតខ្លួនឯងទៅប៉ូច ព្រោះខ្ញុំមិនអាចទុកមនុស្សដូចប៉ូច ឲ្យបំផ្លាញខ្ញុំតាមបញ្ជាអាក្បត់ជាតិ៣ជំនាន់ បាននោះឡើយ។ ត្រូវចងចាំថាមនុស្សណាក៏ដោយឲ្យតែមានទំនាក់ទំនងជាមួយអាក្បត់ជាតិ៣ជំនាន់ មិនអាចទទួលបានការយោគយល់ពីហ៊ុន សែន នោះឡើយ ព្រោះអាមួយនេះវាអាក្រក់ពេកជ្រុលនិយមពេក។ មនុស្សណាក៏ដោយឲ្យតែប្រកាសផ្តាច់ខ្លួនចេញពីអាក្បត់ជាតិនេះ នឹងទទួលបាននូវការលើកលែង ឬយោគយល់»៕