ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រជុំពិនិត្យបណ្តឹងគណបក្សភ្លើងទៀននៅថ្ងៃស្អែក

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សភ្លើងទៀន ក្រោមអធិបតីភាពលោក អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ។ កិច្ចប្រជុំនាថ្ងៃ២៥ ឧសភានោះក៏នឹងពិនិត្យលើបណ្តឹងគណបក្សមហាសាមគ្គីជាតិខ្មែរ ផងដែរ។

បណ្ដឹងរបស់គណបក្សភ្លើងទៀន ប្តឹងតវ៉ានឹងសេចក្ដីសម្រេចចុះថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត ទទួលចុះបញ្ជីគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន ដែលមាន២៥ (ម្ភៃប្រាំ) មណ្ឌល រាជធានី ខេត្ត។

សម្រាប់បណ្ដឹង របស់គណបក្សមហាសាមគ្គីជាតិខ្មែរ ក៏ប្តឹងសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យ សម្រេចពីលទ្ធភាពស្តីពីការចុះបញ្ជីឈរ ឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ របស់គណបក្សមហាសាមគ្គីជាតិខ្មែរ៕