បារាំង នឹងដាក់ពង្រាយកងកម្លាំងរក្សាសន្តិសុខ ៣៥,០០០នាក់ ក្នុងពិធីបើក 2024 Olympic Games
ប៉ារីស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងបាននិយាយថា ប្រទេសបារាំង នឹងដាក់ពង្រាយភ្នាក់ងារសន្តិសុខ និងយោធាចំនួន ៣៥,០០០នាក់ ដើម្បីធានាសន្តិសុខ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡា 2024 Olympic Games ដែលមានក្បួនដង្ហែតាមដងទន្លេឆ្លងកាត់បេះដូង នៃទីក្រុងប៉ារីស ពីការគំរាមកំហែងផ្នែកសន្តិសុខ ក្នុងនោះរួមទាំង ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកផងដែរ។
ព្រឹត្តិការណ៍ 2024 Paris Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។
អ្នកទស្សនារាប់ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងឈរនៅតាមច្រាំងទន្លេ Seine ដែលមានចម្ងាយ ៦គីឡូម៉ែត្រ ដើម្បីទស្សនាទូកប្រតិភូជាតិ ដែលបណ្តែតពីស្ពាន Austerlitz Bridge ទៅកាន់តំបន់ប៉ម Eiffel Tower។
រដ្ឋមន្ត្រីមហាផ្ទៃ លោក Gerald Darmanin បានឲ្យដឹងថា ទ័ពជំនួយ នឹងមកពីក្រសួងការពារជាតិ។ យោធាបារាំង នឹងទទួលបន្ទុកការងារ ជាមួយនឹងការដឹកនាំការពារប្រទេស ប្រឆាំងនឹងការវាយប្រហារ ពីយន្តហោះគ្មានមនុស្សបើក។
លោក Darmanin បានបន្ថែមថា រដ្ឋាភិបាលបារាំង នឹងស្នើសុំកងកម្លាំងប៉ូលិស មកពីប្រទេសក្នុងតំបន់អឺរ៉ុប ដើម្បីបង្កើនការចែករំលែកការស៊ើបអង្កេតសម្ងាត់របស់ពួកគេ ពីបុគ្គលដែលអាចបង្កការគំរាមកំហែងភេរវកម្ម ដើម្បីទប់ស្កាត់ពួកគេ ក្នុងការចូលទឹកដីបារាំង៕