អ៊ីតាលីអនុម័តកញ្ចប់ ២.២ពាន់លានដុល្លារ សង្គ្រោះបន្ទាន់ ករណីទឹកជំនន់

រ៉ូម៖ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយនៅថ្ងៃអង្គារ (២៣ ឧសភា) ថា ប្រទេសអ៊ីតាលីបានអនុម័តកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ ដែលមានតម្លៃជាង ២ពាន់លានអឺរ៉ូ (២.២ពាន់លានដុល្លារ) ដើម្បីជួយតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងជើងនៃតំបន់ Emilia-Romagna។

ជិតមួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ មនុស្សប្រហែល ២៣,០០០នាក់នៅតែគ្មានផ្ទះសម្បែង ហើយទីក្រុងមួយចំនួននៅតែជន់លិច ខណៈដែលដីស្រែមានជីជាតិពិសេសរាប់ពាន់ហិចតាត្រូវបានបំផ្លាញ។

លោកស្រី Meloni ដែលបានទៅទស្សនាតំបន់រងគ្រោះកាលពីថ្ងៃអាទិត្យមុននឹងទៅចូលកិច្ចប្រជុំកំពូល G7 នៅប្រទេសជប៉ុន បានកោះប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារដើម្បីអនុម័តវិធានការនេះ។

លោកស្រី Meloni បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កញ្ចប់ជំនួយសង្គ្រោះបន្ទាន់នេះ រួមបញ្ចូលការចំណាយទាក់ទងនឹងគ្រាអាសន្ន ក៏ដូចជាការផ្អាកពន្ធ និងវិភាគទានសង្គមសម្រាប់គ្រួសារ និងក្រុមហ៊ុនដែលរងផលប៉ះពាល់៕