សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា អ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាព
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងថាអ្វីៗទាំងអស់គឺត្រូវរស់នៅក្រោមសន្ដិភាព ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ក៏ត្រូវចូលរូមរក្សាសន្ដិភាពឱ្យបាន កុំឱ្យដល់ពេលបាត់បង់សន្ដិភាពទើបនាំគ្នាសោកស្ដាយ។
សម្តេចតេជោលើកឡើងដូចនេះក្នុងពិធីសម្ពោធទីតាំងថ្មី នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោមានប្រសាសន៍ថា៖«អ្វីៗក៏រស់នៅក្រោមសន្តិភាពទាំងអស់ បើអត់សន្តិភាពទេ ចាំតែរត់ទង្គិចគ្រាប់ផ្លោងបានហើយ»។
សម្តេចបានលើកឡើងបន្ថែមថា សន្តិភាពពិតជាពិបាករកណាស់មិនអាចកើតឡើងងាយៗនោះទេដូចនេះ កុំរង់ចាំដល់បាត់សន្តិភាពហើយ ទើបរក ទើបដឹងថា សន្តិភាពមានតម្លៃបែបណា។ ដូចនេះត្រូវការពារសន្តិភាពឲ្យបាន។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដែរថា ការអនុវត្តនយោបាយឈ្នះឈ្នះ បាននាំមកនូវការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី ព្រមទាំងបានផ្ដល់ឱកាសគ្រប់ផ្នែក រួមទាំងវិស័យសិល្បៈ ដែលក្នុងនោះ មានរបាំសួយផងដែរ៕