ក្រសួងបរិស្ថាន ចាត់ទុកសកម្មភាពដែលប្រើឈ្មោះ «មាតាធម្មជាតិ» ស្ថិតក្នុងបណ្តាញអង្គការចាត់តាំងខុសច្បាប់

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីប្រកាសព័ត៌មានដោយកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញ ឈ្មោះ Alejandro Gonzalez Davidson មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចេញនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ ថាក្រុមខាងលើនេះមិនបានធ្វើការចុះបញ្ជីជាសមាគម ឬអង្គការមិនមែន រដ្ឋាភិបាលតាមការកំណត់របស់ច្បាប់ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។

ក្រសួងបរិស្ថានកត់សម្គាល់ថា កាលពីឆ្នាំ២០១៧ ប្រធានអង្គការនេះបានដាក់លិខិតស្នើសុំរំលាយអង្គការនេះមកក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃបានចេញប្រកាសចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ សម្រេចលុបឈ្មោះ «អង្គការមាតាធម្មជាតិ» ចេញពីបញ្ជីអង្គការមិនមែនរដ្ឋាភិបាលជាស្ថាពរ។

សេចក្តីប្រកាសព័ត៌មានដដែលគូសបញ្ជាក់ថា រាល់សកម្មភាពដែលបក្ខពួក និងក្រុមខាងលើនេះបានប្រព្រឹត្ត គឺប្រាសចាកនឹងឧត្តមប្រយោជន៍នៃសង្គមជាតិ កម្ពុជា និងផ្ទុយពីបទប្បញ្ញត្តិនៃក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្តីពីសមាគមនិងអង្គការមិនមែន រដ្ឋាភិបាល។

ក្រសួងបរិស្ថានបញ្ជាក់ថា អ្នកដែលចូលរួមធ្វើសកម្មភាពជាមួយបណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

សូមជម្រាបថា ទំព័របណ្តាញសង្គមផ្លូវការរបស់ មាតាធម្មជាតិ (Mother Nature Cambodia) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ បានបង្ហោះសារ អមជាមួយរូបភាពថា ក្រុមសកម្មជនបរិស្ថាន យុវជន អង្គការសង្គមស៊ីវិល ប្រមាណ ២០នាក់ជាងបានដាក់ញត្តិទៅកាន់ក្រសួងបរិស្ថាន ក្នុងគោលបំណងស្នើបញ្ឈប់កាត់ឧទ្យានជាតិនៅកម្ពុជាល និងស្នើដកសិទ្ធិពីបុគ្គលឯកជនមកឲ្យរដ្ឋគ្រប់គ្រងវិញទាំង ៣តំបន់រួមមាន ឧទ្យានជាតិគិរីរម្យ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែនជម្រកសត្វព្រៃកែវសីមា៕