កម្ពុជា ស្នើស្វីសជួយជំរុញការតភ្ជាប់ជើងហោះហើរ រវាងប្រទេសទាំងពីរ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោចាប់ផ្តើមដំណើរការ

ទីក្រុងស៊្សូរីជ ៖ កម្ពុជា បានស្នើដល់ភាគីស្វីស ជួយជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៥។

សំណើនេះបានធ្វើឡើងក្នុងឱកាស រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានសម្តែងការគួសមជាមួយ អគ្គនាយកគោលនយោបាយនិងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីសលោកស្រី Francine Zimmermann កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរអាកាសចរស៊ីវិលនៃប្រទេសទាំងពីរ បានឯកភាពចុះហត្ថលេខាអនុស្សរណៈយោគយល់ (MOU) បន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខានិងចូលជាធរមានរួចហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០០៧ ដើម្បីជាការចូលរួមចំណែក ដល់ការសម្រេចគោលបំណងជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ។

តំណាងអាកាយានដ្ឋានអន្តរជាតិតេជោលោក វ៉ាន់ ឆារស៏ (Vann Charles) បានធ្វើបទបង្ហាញដល់ភាគីស្វីស ជាពិសេសដល់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) ដើម្បីស្វែងយល់អំពីដំណើរការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ និងពិភាក្សាអំពីលទ្ធភាព ដែលអាចទាក់ទាញនៃការតភ្ជាប់ ជើងហោះហើររវាងប្រទេសទាំងពីរបាននៅដើមឆ្នាំ២០២៥ខាងមុខ។

ជាមួយគ្នានោះ អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិស្វីស (SWISS International Air Lines) លោកស្រី Mrs. Roza Sikon បានចែករំលែកអំពីផែនការយុទ្ធសាស្ត្ររបស់ខ្លួនលើការពង្រីកទីផ្សារអន្តរជាតិមកកាន់ប្រទេសអាស៊ី និងក្តីរំពឹងនៃការដាក់ជើងហោះហើររបស់ខ្លួនមកកាន់ប្រទេសកម្ពុជានៅពេលវេលាសមស្របណាមួយ។

ភាគីកម្ពុជា មានការរំពឹងទុកយ៉ាងមុតមំាថា នៅពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមដំណើរការដើមឆ្នាំ២០២៥ នោះជើងហោះហើរថ្មីៗនៃប្រទេសទាំងពីរនិងពីបណ្តាប្រទេសជាមិត្តផ្សេងៗទៀត នឹងអាចមានលទ្ធភាពច្រើន ដោយសារតែប្រទេសកម្ពុជា មានអាកាសយានដ្ឋានអន្តរជាតដំបូងលំដាប់ខ្ពស់បំផុត 4F មានសក្តានុពលវិស័យទេសចរ វិនិយោគ និងកិច្ចប្រជុំអន្តរជាតិធំៗប្រព្រឹត្តទៅនៅកម្ពុជា។

សូមជម្រាបថា អនុស្សរណៈយោគយល់នេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរនិងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចតនិងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការនៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរនៅមានកម្រិតនៅឡើយ៕