គ្រូបង្វឹក Man City ស្នើឲ្យ Premier League បន្ធូរបន្ថយច្បាប់ចាយលុយ
មេនឆេស្ទើ៖ លោក Pep Guardiola អ្នកចាត់ការទូទៅនៃក្លិបបាល់ទាត់ Manchester City បានស្នើលីគកំពូលអង់គ្លេស Premier League មានការបន្ធូរបន្ថយពីច្បាប់ចាយវាយទិញ-ដូរកីឡាករឆាប់ៗនេះតាមដែលអាចធ្វើទៅបាន។
លើសពីនេះទៀត បុរសសញ្ជាតិអេស្ប៉ាញខាងលើ ក៏បានទទូចសុំឲ្យ Premier League ដកបម្រាមពីការរឹតត្បឹតចាយលុយរបស់ City ដែរ។ នៅចាំបានថា កាលខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅក្លិបមេឃខៀវ Man City ត្រូវបានរឹតបន្តឹងពីការចាយវាយរបស់ខ្លួន ក្រោយពេលរកឃើញថាបានល្មើសទៅនឹងច្បាប់ចាយលុយក្នុងលីគចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៨ បូករួមទាំងជាប់បម្រាម ២ឆ្នាំពីសហព័ន្ធ UEFA និងពិន័យជាប្រាក់មួយចំនួនទៀតផង។
ថ្លែងក្នុងសន្និសីទ មុនការប្រកួតទល់នឹងម្ចាស់ផ្ទះ Brighton នៅរាត្រីថ្ងៃពុធនេះ លោក Pep បានឲ្យដឹងថា «អ្វីដែលខ្ញុំចង់បាននៅពេលនេះ គឺសុំឲ្យ Premier League មានការបន្ធូបន្ថយចំពោះក្លិបតាមដែលអាចធ្វើទៅបានឆាប់ៗនេះ។ ក្រោយមក ប្រសិនបើយើងនៅតែបន្តធ្វើខុសទៀត គ្រប់គ្នានឹងដឹង ហើយលែងនិយាយពីវាទៀតហើយ។ ពួកយើងនឹងរីករាយនៅថ្ងៃស្អែក ដោយផ្តើមចេញពីថ្ងៃនេះ»៕