ADB ផ្ដល់ប្រាក់កម្ចី ៤០លានដុល្លារ សម្រាប់ជួយដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុកម្ពុជា

ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកលទ្ធភាពទទួលបានឥណទាន ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និងអនុវត្តកំណែទម្រង់ ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធវិស័យហិរញ្ញវត្ថុ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB បានគូសបញ្ជាក់ថា វាជាកម្មវិធីរងទី៣ នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន បន្ទាប់ពីកម្មវិធីរងចំនួន២ពីមុនដែលត្រូវបានអនុវត្តពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩ ដើម្បីជួយកម្ពុជា អភិវឌ្ឍវិស័យហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាព និងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ៕