រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធខួបលើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ”
ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៧ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ លោក លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក ប្រជាពលរដ្ឋ កម្មករ កម្មការិនី និងតំណាងក្រុមហ៊ុន រោងចក្រ សហគ្រាស នៅក្នុងខេត្ត លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្សជាង ៦០០នាក់ ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានអានសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានខ្លឹមសារថា ក្នុងការចូលរួមជាមួយបងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ នាឱកាសខួបអនុស្សាវរីយ៍លើកទី១៣៧ នៃ ទិវាពលកម្មអន្ដរជាតិ ១ ឧសភា ក្រោមប្រធានបទ “សន្តិភាព ស្ថិរភាព មុខរបរ និងការងារ” ដែលមានអត្ថន័យ យ៉ាងជ្រាលជ្រៅ និងមានតម្លៃជាសារវន្ត និងជាសកល ខណៈពេលដែលសេដ្ឋកិច្ចពិភពលោក កំពុងប្រឈម នឹងភាពមិនប្រាកដប្រជាកាន់តែខ្លាំង ដោយមានការប្រែប្រួលនៃនិម្មាបនកម្មសង្គម-សេដ្ឋកិច្ច ដែលបង្កឡើង មួយផ្នែកដោយការអូសបន្លាយនៃវិបត្តិជំងឺកូវី៨-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយសង្គ្រាម ពាណិជ្ជកម្ម ការប្រែប្រួលអាកាសធាតុ និងការកើនឡើងនៃថ្លៃថាមពល ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី អ៊ុយកន ការកើនឡើងនៃអត្រាអតិផរណា ការធ្លាក់ចុះផលិតភាព និងការធ្លាក់ចុះតម្រូវការសកល ដែលនាំឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ច បាត់បង់ការងារ និងកាត់បន្ថយម៉ោងការងាររបស់កម្មករនិយោជិតទូទាំងសកលលោក។
ក្នុងសារលិខិតរបស់ប្រមុខរាជរដ្ឋាភិបាល បានបន្តថា ជនរួមជាតិយើងពិតជាយល់ច្បាស់ពីអត្ថន័យ និងសារៈសំខាន់នៃប្រធានបទនេះ ដោយសារតែយើងអាចរក្សាបាននូវ សន្តិភាព ដែលជាកត្តាគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ ប្រជាពលរដ្ឋរស់នៅ ប្រកបដោយសេចក្តីសុខសប្បាយ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង មានសិទ្ធិសេរីភាពវិស័យឯកជន អាចពង្រីកនូវការវិនិយោគលើផលិតកម្ម អាជីវកម្ម ពាណិជ្ជកម្ម និងសេវាកម្ម គ្រប់ប្រភេទ បង្កើតការងារជូនបងប្អូន កម្មករនិយោជិតមានប្រាក់ចំណូល ហើយកម្រិតជីវភាពកាន់តែប្រសើរឡើង។
លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានឱ្យដឹងថា យោងតាមការធ្វើជំរឿនសហគ្រាសឆ្នាំ២០២៣ មានសហគ្រាសធុនតូច និងមធ្យមនៅទូទាំងខេត្តសរុបចំនួន ១៩៨សហគ្រាស ដែលផ្ដល់ការងារសរុប ៥,២៨០នាក់ ក្នុងនោះស្រ្តី ១,៩៥៣នាក់ ដោយមិនទាន់គិតឱកាសការងារក្រៅប្រព័ន្ធក្នុងវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតដែលមានកម្លាំងពលកម្មរាប់ពាន់នាក់។
លោក បន្ថែមថា ដើម្បីអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល មន្ទីរការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈខេត្ត និងបន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រយៈពេល ៥ឆ្នាំ ២០១៩ ដល់ ២០២៤ ដោយប្រមូលផ្តុំលើអាទិភាព ៥ រួមមាន៖ ១/ យុទ្ធសាស្ត្រទី១ ជំរុញការបង្កើតឱកាសការងារធានាលក្ខខណ្ឌការងារល្អប្រសើរ និងពង្រឹងការ ងារបេឡាជាតិរបបសន្តិសុខសង្គម ។ ២/ យុទ្ធសាស្ត្រទី២ អភិវឌ្ឍន៍មជ្ឈមណ្ឌលបណ្ដុះបណ្តាលវិជ្ជាជីវៈខេ និងផ្តល់សេវាអប់រំបណ្ដុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈជូនប្រជាពលរដ្ឋ ។ ៣/ យុទ្ធសាស្ត្រទី៣ ពង្រឹងអភិបាលកិច្ចល្អ និងពង្រីកសមធម៌យេនឌ័រ៕ ដោយ៖ ផល្លិត ហៅបូរ៉ា