វ៉ាក់សាំង១លានដូសបន្ថែមដែលកម្ពុជា ផ្ដល់ដល់មីយ៉ាន់ម៉ា ត្រូវបានដឹកបញ្ជូនតាមយន្ដហោះនៅព្រឹកនេះ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដផ្ដល់អំណោយមនុស្សធម៌ នូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូសបន្ថែមទៀត ដល់រដ្ឋាភិបាល និងប្រជាជននៃប្រទេសមីយ៉ាន់ម៉ា។ វ៉ាក់សាំងនេះ ត្រូវបានដឹកបញ្ជូនតាមយន្ដហោះពិសេសចេញពីប្រទេសកម្ពុជា នៅវេលាម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ។

គណៈប្រតិភូកម្ពុជាដែលនាំយកវ៉ាក់សាំងផ្ដល់ជូនមីយ៉ាន់ម៉ានៅពេលនេះ ដឹកនាំដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្រៅពីការផ្ដល់វ៉ាក់សាំងជូនបណ្ដាប្រទេសជិតខាងនេះ កន្លងទៅរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានផ្ដល់ថវិកា, សម្ភារបរិក្ខារបម្រើឲ្យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងរថយន្ដដឹកវ៉ាក់សាំងផងដែរ។

តាមរយៈការផ្ដល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩នេះ ត្រូវបានបណ្ដាប្រទេសនានាក្នុងតំបន់អាស៊ានវាយតម្លៃខ្ពស់ និងស្ញប់ស្ញែងចំពោះកាយវិការមនុស្សធម៌ដ៏ប្រពៃណី។

គួរជម្រាបថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ផ្ដល់អំណោយមនុស្សធម៌ ជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងសម្ភារវេជ្ជសាស្ដ្រ ជូនដល់បណ្ដាប្រទេសជិតខាង ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រួមមាន៖

១៖ ឡាវ ចំនួន៤លើក
ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ អំណោយម៉ាស២លាន១សែន និងបរិក្ខាពេទ្យសរុបចំនួន១២មុខ
ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ វ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន ២០ម៉ឺនដូសដល់ឡាវ
ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ជំនួយថវិកា១៣លានដុល្លារ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ចំនួន៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន៣គ្រឿង
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ផ្ដល់អំណោយរថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿង

២៖ មីយ៉ាន់ម៉ា នេះជាលើកទី៤៖
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន
ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ម៉ាស ៣លាន និងបរិក្ខារពេទ្យមួយចំនួន (ឧបករណ៍តេស្ដរហ័ស, សំលៀកបំពាក់សុវត្ថិភាព PPE, ឈុតម៉ាស៊ីនផលិតអុកស៊ីហ្សែនស្វ័យប្រវត្តិ, ម៉ាស៊ីនជំនួយដកដង្ហើម និងម៉ាស៊ីនតាមដានសញ្ញាជាដើម)។
ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត (ក្នុងឱកាស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា)
ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ វ៉ាក់សាំង ១លានដូស និងរួមទាំងស៊ីរ៉ាងសម្រាប់ចាក់វ៉ាក់សាំង១លានដើម

៣៖ រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ដ (ទីម័រខាងកើត) នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០៖ ម៉ាសចំនួនជាង១លាន និងបរិក្ខារពេទ្យចំនួន១២មុខ
៤៖ នេប៉ាល់ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១៖ អំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួន
៥៖ វៀតណាម ចំនួន២លើក
ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ អំណោយថវិកា និងម៉ាសធម្មតា១លាន, ម៉ាស N95 ចំនួន១០ម៉ឺន និងម៉ាស៊ីនផលិតអុកស៊ីសែន១០០គ្រឿង
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស៕