រដ្ឋមន្ត្រីកសិកម្មធានារកជួយរកទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យានិងបច្ចេកទេសកសិកម្ម
ខេត្តព្រះវិហារ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើងថា ក្រសួងនឹងជួយសហគមន៍កសិកម្មលើការងារទីផ្សារឱ្យកាន់តែប្រសើរតាមរយៈការពង្រឹងការធ្វើកសិកម្មតាមកិច្ចសន្យា និងការផ្តល់បច្ចេកទេសកសិកម្ម ណែនាំឱ្យមានការធ្វើផែនការច្បាស់លាស់ក្នុងការចិញ្ចឹម និងដាំដុះរបស់កសិករ ដើម្បីធានាការផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ដោយធ្វើយ៉ាងណាចំណាយតិច ចំណេញច្រើន។
ឯកឧត្តម ឌិត ឌីណា ថ្លែងដូចនេះក្នុងឱកាស ទស្សនកិច្ចសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ នៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
ឯកឧត្តមរដ្ឋមន្រ្តីបានមានមតិសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ និងបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះខេត្តព្រះវិហារដែលមានសក្តានុពល ក្នុងការធ្វើកសិកម្មសរីរាង្គ ហើយជាគោលដៅគឺនឹងរៀបចំខេត្តនេះឱ្យទៅជាខេត្តផលិតស្រូវសរីរាង្គ ដែលមានតម្លៃទីផ្សារខ្ពស់ និងងាយប្រកួតប្រជែងទីផ្សារ។
ឯកឧត្តមបានឱ្យដឹងទៀតថា គម្រោងគួរលើកផែនការ និងថវិកា ផ្អែកលើតម្រូវការរបស់កសិករ និងខេត្ត ដើម្បីឱ្យការរៀបចំអនុវត្តត្រូវតាមគោលការណ៍ និងត្រូវពិនិត្យលទ្ធភាពគ្រប់គ្រង ប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាពសម្រាប់វិស័យកសិកម្ម ព្រមទាំងការរៀបចំសហគមន៍កសិកម្ម ដែលមានការគ្រប់គ្រង និងកំណត់ទីផ្សារច្បាស់លាស់ជូនកសិករ។
ឯកឧត្តម រដ្ឋមន្រ្តី ឌិត ឌីណា គូសបញ្ជាក់ថា សម្រាប់ខេត្តព្រះវិហារនេះ មានរដ្ឋលេខាធិការទទួលបន្ទុក ដើម្បីជួយប្រជាកសិករលើការងារបច្ចេកទេស និងបញ្ហាផ្សេងៗ សំដៅធ្វើយ៉ាងណាកែទម្រង់ដើម្បីឱ្យកសិកម្មមានប្រសិទ្ធភាព៕