រុស្ស៉ី ផ្ដើមអនុវត្តផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក លើទឹកដីបេឡារុស

មូស្គូ៖ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចាប់ផ្ដើមដំណើរការផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុសហើយ ខណៈក្បាលគ្រាប់នុយក្លេអ៊ែរក៏ត្រូវបានបញ្ជូនចេញទៅកាន់ទីតាំងត្រូវដាក់ពង្រាយផងដែរ។

បើតាមមេដឹកនាំបេឡារុស អាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី ចាប់ផ្ដើមដំណើរការដាក់ពង្រាយ ស្របទៅតាមបទបញ្ជាមួយត្រូវបាន ចុះហត្ថលេខាដោយលោក ពូទីន បើទោះជាខាងវិមានក្រឹមឡាំងមិនទាន់ទទួលស្គាល់ជាផ្លូវការក៏ដោយ។ ទីតាំងជាក់លាក់នៃការពង្រាយអាវុធនុយក្លេអ៊ែរ តាក់ទិក មិនមានការបញ្ជាក់ឱ្យច្បាស់នោះទេ តែបេឡារុសមានព្រំដែនជាប់ប្រទេសជាសមាជិក NATO ចំនួន ៣ គឺប៉ូឡូញ លីទុយអានី និងឡេតូនី។

សូមជម្រាបថា ការចាប់ផ្ដើមដំណើរការដាក់ពង្រាយនេះនឹងក្លាយជាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ នៅក្រៅទឹកដី រុស្ស៉ី ជាលើកដំបូងបំផុត ចាប់តាំងពីអតីតសហភាពសូវៀតរលំរលាយកាលពីឆ្នាំ១៩៩១មក។

ក្រសួងការបរទេសអាមេរិក បានថ្កោលទោសផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនេះ ប៉ុន្តែបាននិយាយថាទីក្រុងវ៉ាស៊ីនតោន មិនមានបំណងកែប្រែ ជំហររបស់ខ្លួនលើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនោះទេ ហើយក៏មិនបានមើលឃើញពីសញ្ញាថារុស្ស៉ីកំពុងត្រៀមប្រើអាវុធនុយក្លេអ៊ែរនោះដែរ។

ប្រធានាធិបតីរុស្ស៉ី លោក វ៉្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាកំពុងបង្កើនការធ្វើសង្រ្គាមប្រូកស៊ីប្រឆាំងនឹងរុស្ស៉ី នៅក្នុង សង្រ្គាមអ៊ុយក្រែន។ ចំណែក ផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរវិញ ត្រូវបានប្រកាសដោយលោក ពូទីន ផ្ទាល់កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ ហើយរុស្ស៉ីផ្ទាល់គឺជាអ្នកគ្រប់គ្រងអាវុធនុយក្លេអ៊ែរលើទឹកដីបេឡារុស៕