សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ម្ចាស់ផ្ទះជួលកុំដំឡើងថ្លៃឈ្នួលផ្ទះសម្រាប់កម្មករ កម្មការិនី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ម្ចាស់ផ្ទះជួលត្រូវរក្សាតម្លៃឱ្យបានសមរម្យ ពោលកុំដំឡើងថ្លៃឈ្នួលផ្ទះសម្រាប់កម្មករ កម្មការិនីរោងចក្រ។ សម្តេចបានអំពាវនាវបែបនេះក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ចំនួនជិត ២ម៉ឺននាក់ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។
សម្តេចតេជោបានថ្លែងថា៖ «ខ្ញុំអង្វរកដល់ម្ចាស់ផ្ទះឈ្នួលមេត្តាខិតខំធ្វើយ៉ាងម៉េច គឺរក្សាតម្លៃសមល្មមដើម្បីឱ្យកម្មករកម្មការិនីអាចនៅបាន។ បើប្រឹងធ្វើអ្នកមានពេកតាមរយៈ ដែលយើងខ្វះការយកចិត្តទុកដាក់គិតគូរកម្មករកម្មការិនី គឺជារឿងដែលវាមិនសមរម្យ»។
ទន្ទឹមនឹងនេះ សម្តេចតេជោ បានអំពាវនាវឱ្យម្ចាស់រោងចក្រសហគ្រាសទាំងអស់ ត្រូវយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់កម្មករនិយោជិតរបស់ខ្លួន បើកាលណាកម្មករមានសុខភាពល្អ នោះពួកគេនឹងបំពេញការងារបានល្អទទួលបានលទ្ធផលល្អ។
ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំឱ្យគ្រប់រោងចក្រយកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលបន្ថែមសម្រាប់កម្មករកម្មការិនី៕