សម្តេចតេជោ មិនជឿថា គណបក្សភ្លើងទៀនបាត់សំបុត្រកំណើតនោះទេ 

ភ្នំពេញសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញការមិនជឿថា គណបក្សភ្លើងទៀន បាត់សំបុត្រកំណើតនោះទេ វាអាចនៅ ជាមួយអ្នកណាម្នាក់ ដែលជាមេដឹកនាំ ដែលគោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះ ចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែអ្វីដែលគេចង់បាន គឺគេចង់យក បរទេស មកគាបកម្ពុជា។

ក្នុងពិធីសំណេះសំណាលជាមួយនឹងកម្មករកម្មការិនីជិត២ម៉ឺននាក់ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ « សំបុត្រកំណើតមួយសន្លឹក ខ្ញុំមិនជឿថា បាត់ទេ វានៅជាមួយអ្នកណាម្នាក់ដែលជាមេដឹកនាំ គោលដៅរបស់គេ ដែលខ្ញុំវិភាគ នៅកន្លែងនេះ គោលដៅរបស់គេ គេមិនចង់ឲ្យគណបក្សនេះ ចូលរួមបោះឆ្នោតទេ ដោយគេដឹងថា វាចាញ់ ប៉ុន្តែអ្វីដែលគេ ចង់បានគឺគេចង់យកបរទេសមកគាបកម្ពុជា»។

សម្ដេចបន្តថា «មិនមែនអ្នកនៅទីក្រុភ្នំពេញទេ ខ្ញុំសុំទោសអ្នកនៅទីក្រុងភ្នំពេញគឺព្រោះអានេះចុះបញ្ជីតាំងពី ១៩៩៥ -១៩៩៦ តាំងពីជាតិខ្មែរ អីណាមកនោះ ដូច្នេះអ្នកនៅភ្នំពេញខ្លះ គេចូលក្រោយតើ»។

ក្នុងករណីនេះ សម្ដេចតេជោអះអាងថា ក្នុងប្រទេសមានបុគ្គលម្នាក់ ជាមនុស្សរបស់ក្រុមប្រឆាំងនៅក្រៅប្រទេស ដែលអាងអីធ្វើបាតុកម្ម។ សម្ដេចបញ្ជាក់ថា «សុំទោសស្ដារនីតិសម្បទា មិនទាន់រួចផង ចង់ចូលទៀតឬអី បើចង់ចូលទៀតកំដរលេងបានតើ មានអី»។

គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធកាលពីថ្ងៃ១៥ ឧសភា ហើយដោយមិនអស់ចិត្តបក្សក៏ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នចុងក្រោយ ក៏បានបដិសេធនិងបិទផ្លូវតវ៉ាទៀតផងដែរ ក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣៕