ជប៉ុន បង្កើនការដាក់ទណ្ឌកម្មលើរុស្ស៊ី និងថ្កោលទោសការដាក់ពង្រាយនុយក្លេអ៊ែរ នៅបេឡារុស

តូក្យូ៖ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៊ីរ៉ូកាហ្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ជប៉ុននឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី និងថ្កោលទោសចំពោះការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស។

ការបង្កើនទណ្ឌកម្មនេះ បន្ទាប់ពីកិច្ចប្រជុំកំពូល G7 កាលពីសប្តាហ៍មុនបានឯកភាពគ្នាបង្កើនវិធានការដើម្បីដាក់ទណ្ឌកម្ម ជុំវិញការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។ កិច្ចប្រជុំកាលពីសប្តាហ៍មុន បណ្តាមេដឹកនាំ G7 ក្នុងនោះមានទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងបារាំង បានបង្ហាញការតាំងចិត្តរបស់ពួកគេក្នុងការបន្តគាំទ្រអ៊ុយក្រែន ជាមួយនិងការផ្តល់ជំនួយយោធា ក៏ដូចជាការដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៉ី។

ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ លោក ម៉ាតស៊ូណូ បានគូសបញ្ជាក់ថា «ក្នុងនាមជាប្រទេសតែមួយគត់ ដែលធ្លាប់ទទួលរងនូវការទម្លាក់គ្រាប់បែកបរមាណូអំឡុងពេលមានសង្រ្គាម ជប៉ុនមិនទទួលយកការគំរាមកំហែងនុយក្លេអ៊ែររបស់រុស្ស៉ីឡើយ»។ លោកបន្ថែមថា ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅបេឡារុស ដោយថាវានឹងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹង។

បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃសុក្រនេះ ដោយមានការសម្របសម្រួលជាមួយ G7 ជប៉ុននឹងបង្កកទ្រព្យសម្បត្តិរបស់ក្រុមចំនួន ៧៨ និងបុគ្គលចំនួន ១៧នាក់រួមទាំងមន្រ្តីយោធារុស្ស៉ី និងហាមឃាត់ការនាំចេញទៅកាន់អង្គភាពចំនួន ៨០របស់រុស្ស៉ី ដូចជាមន្ទីរពិសោធន៍ស្រាវជ្រាវពាក់ព័ន្ធនឹងយោធា ជាដើម។ ជប៉ុនក៏គ្រោងនឹងហាមឃាត់លើការផ្តល់សេវាសំណង់ និងវិស្វកម្មសម្រាប់ប្រទេសរុស្ស៉ីផងដែរ ទោះបីជាព័ត៌មានលម្អិតនៃវិធានការនេះនឹងត្រូវបានប្រកាសនៅពេលក្រោយក៏ដោយ៕