ឯកឧត្តម គង់ សោភ័ណ្ឌ ណែនាំដល់រដ្ឋបាលក្រុងតាខ្មៅចំនួន៤ចំណុច ដើម្បីបម្រើផលប្រយោជន៍សាធារណៈជូនប្រជាជន

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ២ខ្សែ ដែលមានប្រវែង១០៣៥ម៉ែត្រ ស្ថិតក្នុងភូមិចំនួន២ ក្នុងសង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅគឺ៖ ភូមិស្វាយពងអង្រ្កង ប្រវែង៨០០ម៉ែត្រ និង ភូមិកណ្ដាលកោះ ប្រវែង២៣៥ម៉ែត្រ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុងតាខ្មៅ អាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការកសាង និងស្តារហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបម្រើដល់ផលប្រយោជន៍សាធារណៈ ជូនប្រជាជនទូទៅ។

នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឧ្យប្រើប្រាស់ផ្លូវបេតុងខាងលើនេះដែរ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់រដ្ឋបាលក្រុងតាខ្មៅ ចំនួន៤ចំណុចសំខាន់ៗ ដើម្បីបម្រើផលប្រយោជន៍សាធារណៈជូនប្រជាជនគឺ៖

១ . ត្រូវយកចិត្តទុកដាក់លើការពង្រឹងច្បាប់ចរាចរណ៍ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះថ្នាក់ ជាពិសេសការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍។

២ . ត្រូវបន្តចាក់វ៉ាក់សាំងដូសជំរុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនឲ្យបានគ្រប់ៗគ្នា។

៣ . បន្តពង្រឹង និងថែរក្សាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ធានាបរិយាកាសល្អសម្រាប់ការបោះឆ្នោត លើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព តាមលក្ខណៈសម្បត្តិទាំង៧ចំណុច និងបន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បង្រ្កាបល្បែងស៊ីសងខុសច្បាប់ ។

៤ . សូមធ្វើការប្តេជ្ញាឲ្យខាងតែបាន ទៅបោះឆ្នោតគាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត និងបន្តគាំទ្រយ៉ាងពេញទំហឹង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕ មុន្នីឧត្ដម