សហរដ្ឋអាមេរិក គ្រោងប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក គ្រោងនឹងប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាថ្មីបន្ថែមមានទំហំទឹកប្រាក់ ៣០០លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះ រួមមានទាំងគ្រាប់កាំភ្លើងធំផងដែរ។

ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអាមេរិក ២នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាកញ្ចប់ ជំនួយយោធាថ្មីខាងលើអាចនឹងត្រូវបានប្រកាសនៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន) ឬអាចនៅក្រោយពិធីបុណ្យជាតិ Memorial Day នៅចុងសប្ដាហ៍ នេះនៅសហរដ្ឋអាមេរិក។

កញ្ចប់យោធាថ្មីខាងលើក៏ត្រូវបានគេរំពឹងដែរថានឹងមានគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងគ្រាប់កាំភ្លើងធំ សម្រាប់អ៊ុយក្រែន យកទៅប្រើក្នុង សង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។

សូមជម្រាបថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក សហរដ្ឋអាមេរិកបានសន្យាផ្ដល់ជំនួយយោធាច្រើនជាង ៣៥ពាន់លានដុល្លារហើយ សម្រាប់ទីក្រុងកៀវ៕