បេសកជន​ពិសេស​ចិន​មកដល់​រុស្ស៊ី​ ដើម្បី​ពិភាក្សា ស្វែងរក​ដំណោះស្រាយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​

មូស្គូ៖ អ្នកឆ្លើយឆ្លង​ព័ត៌មាន TASS បាន​រាយការណ៍​ថា តំណាង​ពិសេស​របស់​ចិន​សម្រាប់​កិច្ចការ​អឺ​រ៉ាស៊ី លោក Li Hui បានមក​ដល់​ក្រសួងការបរទេស​រុស្ស៊ី​ហើយ ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ស្តីពី​អ៊ុយ​ក្រែ​ន​ជាមួយ​អ្នកការទូត​កំពូល​របស់​រុស្ស៊ី​លោក Sergey Lavrov ។​

ក្រសួងការបរទេស​រុស្ស៊ី​បាន​ថ្លែង​នៅមុននេះ​ថា បេសកជន​ពិសេស​របស់​ចិន​ក៏​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួបពិភាក្សា​ជាមួយ​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Mikhail Galuzin ផងដែរ​។​ ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ការទូត​ចិន​នៅ​អឺរ៉ុប​ក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Wang Wenbin បាន​ថ្លែងថា បេសកជន​ចិន​នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី អាល្លឺម៉ង់ ប៉ូឡូញ អ៊ុយ​ក្រែ​ន និង​បារាំង​។​ទន្ទឹម​នោះ អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Andrey Rudenko បាន​ប្រាប់ TASS ថា គំនិត​របស់​ចិន​គឺ​បង្ហាញ​សំណើ​ដំណោះស្រាយ​នយោបាយ​របស់​ទីក្រុង​ប៉េកាំង​ទៅកាន់​ប្រទេស​ទាំងនោះ ហើយ​ស្តាប់​យោបល់​របស់​ពួកគេ​។ លោក​បាន​កត់សម្គាល់ថា រុស្ស៊ី​រំពឹងថា​នឹង​បាន​ស្តាប់​ការចាប់អារម្មណ៍​របស់​តំណាង​ពិសេស​របស់​ចិន​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅកាន់​ទីក្រុង​គៀវ និង​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​នោះ​៕