សម្តេចតេជោ៖ ធ្វើកសិកម្មតែមួយមុខ មិនអាចធ្វើឲ្យប្រទេស ក្លាយទៅជាប្រទេសអ្នកមាន បាននោះទេ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាៈ ធ្វើកសិកម្មតែមួយមុខ មិនអាចធ្វើឲ្យប្រទេស ក្លាយទៅជាប្រទេសអ្នកមាន បាននោះទេ។
សម្តេចបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបន្តសំណេះសំណាល ជាមួយកម្មករ និយោជិត សរុបចំនួន ១៩.០០០ នាក់ទៀត នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មកពីរោងចក្រ សហគ្រាស ចំនួន៨១ ក្នុងនោះ រោងចក្រ កាត់ដេរចំនួន ១៣ និងក្រៅពីកាត់ដេរចំនួន៦៨ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ហេតុអី្វបានជារាជរដ្ឋាភិបាល ចង់បានម្ល៉េះ ទៅលើការទាក់ទាញវិនិយោគ ទាំងក្នុងប្រទេស និងក្រៅប្រទេស ។ សម្តេចតេជោ បានបញ្ជាក់ថា ធ្វើកសិកម្មតែមួយមុខ មិនអាចក្លាយទៅជាប្រទេស អ្នកមានបានទេ។ ទ្រឹស្ដី ប៉ុល ពត គឺមានស្រូវ គឺមានអ្វីៗទាំងអស់ ចុងក្រោយ ១ហិកតា ៣តោន ១ហិកតា ៩ តោន តែប្រជាជនបែរជាអត់បាយ។
សម្តេចតេជោ បានបន្តថា យើងត្រូវខិតខំជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្តទៀត ដើម្បីជំរុញវិនិយោគ ទៅតាមបណ្តាខេត្ត៕