សម្ដេចតេជោ ហ៊ុន សែន៖ អ្នកស្វែងរកសន្តិភាពគឺជាអ្នកដែលរក្សានូវសន្តិភាព

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញទៅដល់ពលរដ្ឋគ្រប់រូបជាពិសេសកម្មករ កម្មការិនី ចូលរួមថែរក្សាសន្តិភាពដែលកម្ពុជាកំពុងមានពេលបច្ចុប្បន្ន។ សម្ដេចថាអ្នកដែលមិនស្វែងរកទេជាអ្នកដែលមិនខ្វល់ជាមួយនឹងសន្តិភាពនោះ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចនឹងមិនបណ្ដោយឲ្យកម្ពុជាធ្លាក់ទៅក្នុងសង្គ្រាមគ្មានសន្តិភាពម្ដងទៀតនោះទេ។ សម្ដេចថា សម្ដេចនឹងនិយាយរំលឹកអំពីពាក្យការពារសន្តិភាព និងត្រៀមវិធានការការពារសន្តិភាពជានិច្ចដរាបណាមានអ្នកដែលប៉ុនប៉ុងបំផ្លាញសន្តិភាពដែលកម្ពុជាមាន។

សម្ដេចថា៖ «គេចាប់ផ្ដើមនិយាយថា លោក ហ៊ុន សែន ចាប់ផ្ដើមនិយាយហើយថាធ្វើម៉េចការពារអំណាច! បាទទទួលយកថាអូខេ ថាខ្ញុំការពារអំណាច។ តែសុំសួរទៅពួកអស់លោកវិញថា ចង់អំណាចតើបានន័យថាម៉េចដែរ?»

សម្ដេចបន្ថែមថា៖ «អ្នកឯងប្រើវិធីមិនប្រជាធិបតេយ្យដើម្បីដណ្ដើមអំណាចតើវាបានន័យថាបែបម៉េចវិញដែលនេះមិនអាចអត់ឱនឲ្យបាននោះទេ។ បើមិនដូច្នោះប្រទេសកម្ពុជានិងរងគ្រោះជាថ្មីម្ដងទៀត»។

សម្ដេចតេជោក៏បានរំលឹកអំពីការចាប់ខ្លួនអ្នកដែលមានបំណងធ្វើបដិវត្តន៍កសិករផងដែរ ខណៈដែលរដ្ឋាភិបាលនៅធ្វើការស្រាវជ្រាវដល់ឬសគល់ពីប្រភពលុយថែមទៀត។

សម្ដេចបន្ថែមថា៖ «អ្នកកុំភ្លេចថាពួកខ្ញុំក៏មានខួរក្បាលនិងចេះគ្រប់គ្រងប្រទេសរបស់ខ្ញុំដែរព្រោះខ្ញុំក៏មានព័ត៌មានគ្រប់គ្រាន់នូវអ្វីដែលអ្នកឯងបានធ្វើដែរ»។

ជាមួយគ្នានេះសម្ដេចក៏បានរំលឹកពីប្រវត្តិសាស្ត្ររបស់កម្ពុជានៅក្នុងឆ្នាំ១៩៧០ ដែលធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមដែលសម្ដេចថានឹងមិនឲ្យប្រទេសធ្លាក់ចូលក្នុងភ្លើងសង្គា្រមម្ដងទៀតនោះទេ៕