សម្តេតេជោ៖ រយៈពេល៤ខែដើមឆ្នាំ កម្ពុជានាំផលិតផលទៅទីផ្សារបរទេសបានជាង ៧ពាន់លានដុល្លារ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៣ នេះ កម្ពុជានាំចេញបានទឹកប្រាក់ ៧,៣៣៤លាន ដុល្លារអាមេរិក ខណៈក្នុងខែមេសាកម្ពុជានាំចេញបានជាង ១ពាន់លានដុល្លារ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹង តាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្មថា ទំហំនៃការនាំចេញរបស់កម្ពុជា ក្នុងរយៈពេល ៤ ខែ ឆ្នាំ២០២៣ នេះ បើទោះបីមាន ការថមថយខ្លះ ក៏ប៉ុន្តែយើងនៅតែមានតួលេខខ្ពស់ រហូតដល់ ៧,៣៣៤ លានដុល្លារ អាមេរិក សម្រាប់ខែមេសា នេះ ការនាំចេញរបស់យើង មានចំនួន ១,៨៤២ លាន ដុល្លារអាមេរិក ។
ថ្លែងថា៖ «អញ្ចឹងទឹកប្រាក់នាំចេញនៅក្នុងប្រទេសរបស់យើងទាំងវិស័យកាត់ដេរទាំងវិស័យកសិកម្មវិស័យដទៃទៀតគឺមានចំនួនកើនឡើង»។
សម្ដេចជំរុញឲ្យពង្រឹងចំនួននៃការនាំចេញនេះបន្ថែមទៀតតាមរយៈការខិតខំនៅគ្រប់ផ្នែកទាំងអស់។ សម្ដេចថា ការបើកទីផ្សារកាន់តែធំវានឹងធ្វើឲ្យតម្លៃផលិតកម្មនៅក្នុងស្រុកកាន់តែមានតម្លៃ។ ដូចនេះ ត្រូវរក្សាសន្តិភាពឲ្យបាន ទើបយើងអាចអភិវឌ្ឍប្រទេសបាន៕