សម្ដេចតេជោសរសើរបៀបធ្វើនយោបាយ របស់អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន និង លោកស្រី យីងឡាក់
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ ចំពោះអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ត្រា ថា ជានាយករដ្ឋមន្ត្រីថៃ ត្រូវបាននិរទ្ទេសខ្លួន ទៅក្រៅប្រទេស ក៏ប៉ុន្តែទោះបីជាបែបនេះក៏ដោយ អតីតនាយករដ្ឋមន្រ្តីថៃ ទាំងពីរនេះ មិនដែលទៅ អំពាវនាវបរទេស ឲ្យផ្ដាច់ជំនួយពីប្រទេសរបស់ខ្លួន ឬដាក់ទណ្ឌកម្ម ចំពោះប្រទេសខ្លួន ឬទៅសុំបរទេស កុំឲ្យមកវិនិយោគ នៅក្នុងប្រទេសខ្លួនដែរ មិនដូចអ្នកប្រឆាំងនៅកម្ពុជា តែងតែអំពាវនាវដល់បណ្ដាប្រទេសនានា កាត់ជំនួយមកកម្ពុជា។
នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករ និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅប្រទេសថៃអ្នកនយោបាយប្រឆាំងគ្នា ក៏ប៉ុន្ដែពួកគេមិនដែលសម្លាប់ជនជាតិរបស់ខ្លួន តាមរយៈការអំពាវនាវកុំឱ្យបរទេសមកវិនិយោគ ឬឈប់ទិញទំនិញនោះទេ។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំ សូមសរសើរអតីតនាយករដ្ឋមន្ដ្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងយីងឡាក់ ស៊ីណាវ៉ាត្រា ដែលជាអតីតនាយករដ្ឋមន្ដ្រីថៃ ទាំងបង ទាំងប្អូន ទោះបីគេទម្លាក់ដោយរដ្ឋប្រហារ ហើយរស់នៅបរទេស ដែលមិនអាចចូលក្នុងស្រុកបាន ប៉ុន្ដែអ្នកទាំងពីរ មិនមែនអំពាវនាវបរទេសកាត់ជំនួយ ឬឈប់ទិញទំនិញថៃ ឬឈប់វិនិយោគក្នុងប្រទេសថៃ»។
សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ជារឿងអយុត្តិធម៌ពន់ពេកណាស់ចំពោះគ្រួសារ ថាក់ស៊ីន និងយីងឡាក់ ត្រូវបានគេធ្វើរដ្ឋប្រហារទម្លាក់ ពីតំណែងនាយករដ្ឋមន្ត្រីជាបន្តបន្ទាប់ គ្មានបរទេសណា ឬក្រុមប្រឆាំងណាមួយចេញមុខថ្កោលទោស ឬប្រឆាំងសកម្មភាពរដ្ឋប្រហារនោះឡើយ។
ជុំវិញបញ្ហាទាំងនេះ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងថា ប៉ុន្ដែអ្នកជ្រុលនិយមនៅកម្ពុជាវិញ ទៅដល់ទីណាទាមទារឱ្យបរទេស ឈប់ទិញទំនិញនៅកម្ពុជា ឬដាក់ទណ្ឌកម្មនានាមកលើប្រទេសកម្ពុជា ខណៈ សម្ដេច រង់ចាំមើលជោគវាសនារបស់ពួកគេក្រោយ អំពាវនាវឱ្យបរទេសកាត់ជំនួយលើកម្ពុជា។
សម្ដេច គូសបញ្ជាក់ទៀតថា «ប៉ុន្ដែមិននឹកស្មានថា អ្នកជ្រុលនិយមក្នុងប្រទេសកម្ពុជា ទៅអំពាវនាវឱ្យបរទេសដាក់ទណ្ឌកម្មលើខ្មែរ ឈប់ទិញទំនិញខ្មែរ មិនមកវិនិយោគនៅខ្មែរ ក៏ប៉ុន្ដែពួកអ្នកឯងរង់ចាំមើល ជោគវាសនារបស់ពួកអ្នកឯងទៅ»៕