ចិនដាក់ដំណើរការយន្តហោះដឹកអ្នកដំណើរដែលផលិតនៅក្នុងស្រុកដំបូងបង្អស់របស់ខ្លួន

ចិន៖ យន្តហោះដឹកអ្នកដំណើរដែលផលិតក្នុងស្រុកដំបូងគេរបស់ប្រទេសចិន C919 បានធ្វើការហោះហើរក្នុងលក្ខណៈពាណិជ្ជកម្មជាលើកដំបូងរបស់ខ្លួននៅថ្ងៃអាទិត្យនេះ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងអស់ជាច្រើនទសវត្សរ៍របស់ចិន ដើម្បីប្រកួតប្រជែងជាមួយបណ្តាប្រទេសលោកខាងលិចលើទីផ្សារផ្នែកអាកាស។

ទីក្រុងប៉េកាំងសង្ឃឹមថា យន្តហោះពាណិជ្ជកម្ម C919 នឹងអាចប្រកួតប្រជែងជាមួយយន្តហោះបរទេសផ្សេងៗបានដូចជា Boeing 737 MAX និង Airbus A320 ជាដើម បើទោះជាផ្នែកខ្លះនៃគ្រឿងបង្គុំរបស់យន្តហោះប្រភេទ C919 នេះមានប្រភពនាំចូលពីក្រៅប្រទេសនៅឡើយក៏ដោយ។

លោក Zhang Xiaoguang នាយកផ្នែកទីផ្សារ និងលក់របស់ COMAC បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua ថា ជើងហោះហើរនេះគឺជា “ពិធីឈានចូលមកដល់នៃយន្តហោះថ្មី” ដោយលោកបន្ថែមថា ជើងហោះហើរនេះមានផ្ទុកអ្នកដំណើរចំនួន ១៣០នាក់។ លោកអះអាងថា C919 នឹងកាន់តែវិវត្តន៍ល្អប្រសើរជាងនេះបន្ថែមទៀតនៅពេលដែលចាប់ផ្តើមសាកល្បងការប្រឡូកចូលក្នុងទីផ្សារពិភពលោក។

ប្រទេសចិនរំពឹងថា យន្តហោះផលិតក្នុងស្រុកដំបូងរបស់ខ្លួនដែលអាចមានសក្តានុពលផ្នែកពាណិជ្ជកម្មគួរសមនេះ ក៏នឹងកាត់បន្ថយការពឹងផ្អែករបស់ចិនទៅលើបច្ចេកវិទ្យារបស់បរទេសផងដែរ ស្របពេលដែលទំនាក់ទំនងរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីមួយនេះជាមួយលោកខាងលិចកំពុងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺន។

ប្រទេស​ចិន​បាន​វិនិយោគ​ទឹកប្រាក់យ៉ាង​ច្រើន​ក្នុង​ការ​ផលិត​យន្តហោះ​ដោយខ្លួនឯងនៅក្នុងស្រុក ក្នុងមហិច្ឆតាក្នុងការគ្រប់គ្រងបច្ចេកវិទ្យាសំខាន់ៗដោយខ្លួនឯង។ យន្តហោះប្រភេទ C919 នេះត្រូវបានផលិតដោយក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរដ្ឋនៃប្រទេសចិន (COMAC) ប៉ុន្តែផ្នែកជាច្រើននៃយន្តហោះនេះ រួមទាំងម៉ាស៊ីនផងដែរមានប្រភពនាំចូលមកពីបរទេស៕