សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសឥណ្ឌា

ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនៅព្រឹកនេះ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាង​បំពេញ​ព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ព្រះរាជដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនៅប្រទេសឥណ្ឌានាពេលនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ខែឧសភា ឆ្នាំ២០២៣ តបតាមការយាងរបស់លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរ នៅប្រទេសឥណ្ឌានាពេលនេះ ចំពេលដែលប្រទេសទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។

បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងទៀតថា ក្នុងកំលុងពេលនៃព្រះរាជទស្សនកិច្ចនេះ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតីឥណ្ឌា និងលោក ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទទួលរៀបចំព្រះរាជពិធីសវនាការថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលក្នុងឱកាសនោះ កិច្ចសហប្រតិ​បត្តិការ​ទ្វេភាគី និងពហុភាគី នឹងត្រូវលើកយកមកពិភាក្សា។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យ ព្រះបរ​ម​​រាជានុញ្ញាត ជូនលោក ច៉ាកឌីប ដាន់ខា (Jagdeep Dhankhar) អនុប្រធានាធិបតី និងលោកបណ្ឌិត ស៊ូប្រាម៉ាន់យ៉ាំ ចៃហ្សានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា ចូលក្រាបបង្គំគាល់ និងសវនាការផងដែរ។

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងដាក់កម្រងផ្កា​គោ​រព​វិញ្ញាណក្ខន្ធនៅមណ្ឌប Mahatma Gandhi។ លោកស្រី ដ្រៅផាឌី មួរមូ ប្រធានាធិបតី​ឥណ្ឌា នឹងរៀបចំព្រះរាជពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ថ្វាយព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហ​មុនី នៅប្រទេសឥណ្ឌា គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយក្នុងទំនាក់ទំនង​ដ៏យូរអង្វែង​រវាង​ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ​នូវចំណងមិត្តភាព​ដ៏​ប្រ​សើរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធដែលចាក់ឫស​យ៉ាងជ្រៅនៅក្នុងបេតិក​ភណ្ឌ​វប្ប​ធម៌ សាសនា និងប្រវត្តិសាស្ត្ររួម ដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់​ប្រជា​ជនទាំងពីរ៕