ក្រសួងសុខាភិបាលរំលឹកពលរដ្ឋប្រុងប្រយ័ត្នចំពោះការចម្លងវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ពលរដ្ឋនៅក្នុងកម្ពុជាឱ្យប្រុងប្រយ័ត្នចំពោះវីរុសកូវីដ-១៩ ពពួក Omicron XBB.1.5 ខណៈការកើនឡើងនូវ ករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានបង្ហាញថាមន្ទីរពេទ្យ Siriraj Piyamaharajkarun ប្រកាសមិនអាចទទួល យកអ្នកជំងឺកូវីដ-១៩ ទៀតទេ ដោយសារគ្រទាំងអស់សម្រាប់អ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរត្រូវបានដាក់អ្នកជំងឺកូវីដ-១៩ អស់ទាំងស្រុងហើយ។

លោកជំទាវ ឱ វណ្ណឌីន បានឱ្យដឹងថា ក្រោយពីអង្គការសុខភាពពិភពលោក (WHO) ប្រកាសថា កូវីដ-១៩ នៅជាបញ្ហាសុខភាពដែលបានកើតមានឡើងហើយ មិនមែនជាកង្វល់អន្តរជាតិទៀតទេ ប្រជាជនទូទៅលើសាកលលោក និងក្នុងតំបន់ ហាក់ដូចជាមានការធ្វេសប្រហែសខ្លះៗផង សន្តិភាពនិយមពេកខ្លះៗផង និងមិនទៅចាក់វាក់សាំងដូសជំរុញភាពសាំ ដែលបានធ្លាក់ចុះជាបណ្តើរៗផង ធ្វើឱ្យវីរុសនេះ មានឱកាសវៃលុកឡើងវិញបាន ប្រហែលមកពីការយល់ច្រឡំថា វិបត្តិកូវីដ-១៩ បានបញ្ចប់ហើយ តែតាមការពិតវាមិនទាន់ចប់នៅឡើយទេ។

លោកជំទាវបានបន្តថា ត្រូវបន្តការប្រុងប្រយ័ត្នផ្ទាល់ខ្លួន ដើម្បីសុខភាពល្អរៀងៗខ្លួន និងទប់ស្កាត់ការវិលត្រឡប់ទៅរកសភាពលំបាករស់នៅដូចពេលមុនៗ ដោយមិនដឹងថា នឹងមានការបំប្លែងវីរុសកូវីដ-១៩ថ្មី ដល់ត្រឹមណាទេ ប្រសិនវីរុសនេះចេះតែបំប្លែងខ្លួនវាដូច្នេះ អាចក្លាយជាមេរោគថ្មីស្រឡាងមួយទៀតដែលមានភាពឆ្លងខ្លាំងជាងមុនៗ និងធ្ងន់ធ្ងរជាងពេលមុនៗនោះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានអំពាវនាវរួចហើយថាត្រូវតែបន្តការពារ និងត្រៀម លក្ខណ:ជាមុននៅលទ្ធភាពផ្ទុះឡើងនូវការឆ្លងថ្មីៗនាពេលខាងមុខ (New pandemic) ដោយត្រូវរួបរួមគ្នាបន្តការពារ (៣ការពារ និង៣កុំ ទៅតាមការវាយតម្លៃស្ថានភាពរបស់ខ្លួនត្រឹមត្រូវ) និងរៀនរស់នៅជាមួយវត្តមាននៃមេរោគទាំងឡាយ មានទាំងវីរុសកូវីដ-១៩ ផងដែរនោះ ក្នុងស្មារតីទទួលខុសត្រូវ ត្រៀមលក្ខណ:ឱ្យបានល្អប្រសើរ បន្តថែរក្សាសុខភាព និងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្តឱ្យបានល្អ ដើម្បីឆ្ពោះទៅរកការរស់នៅបានយូរអង្វែងជាមួយនឹងសុខភាពល្អប្រសើរ៕