មន្រ្តី៖ ប្រទេសលោកខាងលិច បង្ខំឱ្យបេឡារុសរើសយកផ្លូវឱ្យរុស្ស៉ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ

មីនស្ក៍៖ មន្ត្រីជាន់ខ្ពស់បេឡារុសម្នាក់បាននិយាយថា បណ្ដាប្រទេសលោកខាងលិច គឺជាអ្នកបង្ខំឱ្យបេឡារុសដើរដល់ផ្លូវទ័ល រហូតគ្មានជម្រើសត្រូវបង្ខំចិត្តឱ្យរុស្ស៉ី ដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣។

ការកត់សម្គាល់ខាងលើរបស់លោក អាឡិចសាន់ដឺ វ៉ុលហ្វូវ៉ិក (Alexander Volfovich) ជាប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសបេឡារុស ត្រូវបានដកស្រង់សម្ដីចេញ ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋបេឡារុស កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។

មន្ត្រីបេឡារុសរូបនេះក៏បានរំលឹកឡើងវិញដែរថា ការដកអាវុធចេញពីបេឡារុស នៅក្រោយសូវៀតរលំរលាយ កាលពីឆ្នាំ១៩៩១ ខណៈសហរដ្ឋអាមេរិកផ្ដល់ការធានាសន្តិសុខ និងមិនបានដាក់ទណ្ឌកម្ម គឺជារឿងសមហេតុផល។ ប៉ុន្តែ បច្ចុប្បន្ន អ្វីៗ បានប្រែប្រួលអស់ ហើយពាក្យសន្យាទាំងឡាយក៏បានរលាយបាត់រសាត់ទៅតាមខ្យល់ផងដែរ។

បើតាមលោក អាឡិចសាន់ដឺ វ៉ុលហ្វូវ៉ិក ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ តាក់ទិករបស់រុស្ស៉ី នៅលើទឹកដីបេឡារុស ជាផ្នែកមួយនៃយុទ្ធសាស្ត្រកំញើញ កុំឱ្យមេដឹកនាំលោកខាងលិចដើរឆ្លងបន្ទាត់ក្រហម។

សូមជម្រាបថា បេឡារុសមានព្រំដែនជាប់រុស្ស៉ី អ៊ុយក្រែន និងប្រទេសជាសមាជិក NATO ចំនួន៣ គឺប៉ូឡូញ លីទុយអានី និងឡេតូនី៕