
ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដចំនួន១០.១១១ករណីបន្ថែមទៀត និងស្លាប់៦៣នាក់
បាងកក ៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃច័ន្ទនេះប្រកាសពីការបន្តរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន១០.១១១ករណី និងអ្នកស្លាប់ចំនួន៦៣នាក់បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍។
បើតាមក្រសួងសុខាភិបាលថៃគូសបញ្ជាក់ថា ក្នុងចំនួនឆ្លងខាងលើនេះគឺមានចំនួន១០.០៧០ លើប្រជាជនទូទៅ និង៤១ករណីជាអ្នកទោសក្នុងពន្ធនាគារ។ ទន្ទឹមនេះ នៅថ្ងៃអាទិត្យម្សិលមិញអ្នកជំងឺកូវីដ -១៩ ចំនួន ១០.៦១២ នាក់ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយ។
សូមជម្រាបថា ចាប់តាំងពីថ្ងៃទី ១ ខែមេសានៅពេលដែលរលកទី ៣ នៃជំងឺកូវីដ ១៩ បានចាប់ផ្តើម ប្រទេសថៃបានព្យាបាលអ្នកជំងឺកូវីដ ១៩ ចំនួន ១.៧៦៤.៩៤៩ នាក់ដែលក្នុងនោះ ១.៦៤០.៨២៤ នាក់បានជាសះស្បើយ។ ចំណែកចំនួនអ្នកស្លាប់មានចំនួន ១៨.២៤២ នាក់ក្នុងកំឡុងពេលរលកទី ៣ និង ១៨.៣៣៦ នាក់ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាតនេះ៕