ទីលានទុកដាក់សំរាមខេត្តកំពត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តកំពត៖ ទីលានចាក់សំរាមខេត្តកំពត ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣។ ទីលានចាក់សំរាមនេះសាងសង់ឡើងក្រោមកម្ចីឥណទានសម្បទាពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបចំនួនជាង ៣លានដុល្លារ។

ទីលានចាក់សំរាមខេត្តកំពតនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ត្រូវបានសាងសង់ក្នុងផ្ទៃដីទំហំសរុបជាង ១០ហិកតា ស្ថិតក្នុងភូមិថ្មី ឃុំថ្មី ស្រុកទឹកឈូ។ ទីលានចាក់សំរាមនេះ មានរណ្តៅចំនួន២ ដោយរណ្តៅនីមួយៗមានជម្រៅ ៣ម៉ែត្រ អាចផ្ទុកសំរាមបានជាង ៤សែនម៉ែត្រគូបដែលអាចប្រើប្រាស់បាន ២០ឆ្នាំ។

ទីលានចាក់សំរាមខេត្តកំពតនេះ ចំណាយថវិកាសាងសង់ជាង៣លានដុល្លារ។ ក្រសួងសាធារណការសាងសង់ទីលានចាក់សំរាមនេះនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ហើយរួចរាល់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា វត្តមានទីលានទុកដាក់សំរាមដ៏ធំសម្រាប់ខេត្តកំពតនេះ មិនមែនមានដោយចៃដន្យនោះទេ ពោលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុតរបស់ថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ដែលមានកិច្ចសហការគ្នាយ៉ាងល្អជាមួយធនាគារអភិវឌ្ឍន៍អាស៊ី។

ឯកឧត្តម ម៉ៅ ធនិន បានគូសបញ្ជាក់ថា ទីលានចាក់សំរាមនេះនឹងអាចបង្កើតបរិយាកាសឲ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមកកម្សាន្តលេងនៅខេត្តជាប់សមុទ្រមួយនេះផងដែរ។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ការបង្កើតទីលានទុកដាក់សំរាមខេត្តកំពតនេះ គឺរួមចំណែកលើកកម្ពស់សុខមាលភាពពលរដ្ឋក្នុងខេត្តមួយនេះ៕ ដោយ៖ ទ្រី ហៀន