EU មើលឃើញថា រុស្ស៉ីគ្មានឆន្ទៈចរចាទេ ព្រោះកំពុងព្យាយាមយកឈ្នះសង្រ្គាមអ៊ុយក្រែន នៅឡើយ

ព្រុចសែល៖ ប្រមុខការទូតរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell)  បាននិយាយថា បើតាមការយល់ឃើញរបស់លោក គឺរុស្ស៉ីនឹងមិនមានឆន្ទៈចរចាគ្នាឡើយ ស្របពេលដែលខ្លួនកំពុងបន្តព្យាយាមយកឈ្នះ សង្រ្គាមនៅអ៊ុយក្រែននៅឡើយនោះ។

ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបបាននិយាយនៅក្នុងវេទិកាអ្នកជំនាញនៅទីក្រុងបាសេឡូណារបស់ប្រទេសអេស្ប៉ាញថា «ខ្ញុំឃើញឆន្ទៈច្បាស់លាស់របស់រុស្ស៊ីក្នុងការឈ្នះនៅក្នុងសង្គ្រាម។ រុស្ស៊ី​នឹង​មិន​ចរចាទេ​រហូតទាល់តែ​ឈ្នះ»។ លោកបាននិយាយថា «ខ្ញុំមិនមានសុទិដ្ឋិនិយមក្នុងការរំពឹងទុករបស់ខ្ញុំអំពីរបៀបដែលជម្លោះនេះអាចមានការវិវត្តន៍នៅរដូវក្តៅនោះទេ។ សហភាពអឺរ៉ុបគួរតែបន្តការបង្កើតជំនួយយោធារបស់ខ្លួនសម្រាប់អ៊ុយក្រែន»។

លោក បូរែល បាននិយាយកាលពីមុននៅទីក្រុងព្រុចសែលថា ខណៈដែលលោកបន្តសម្របសម្រួលជំនួយយោធាដល់អ៊ុយក្រែនពីសហភាពអឺរ៉ុបនោះ លោកមិនមានអារម្មណ៍ថាខ្លួនលោកជាអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបនោះទេ ប៉ុន្តែជារដ្ឋមន្ត្រីការពារជាតិនៃសហភាពអឺរ៉ុប៕