សម្តេចតេជោ ហ៊ុន សែន បញ្ចេញសារសំឡេងរបស់ ឆាំ ឆានី ពីការវាយប្រហារ សម្តេច និងគ.ជ.ប

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃ៣១ ឧសភា បានបញ្ចេញសារជាសំឡេងរបស់បុគ្គលឆាំ ឆានីជាង៦ នាទី អំពីយុទ្ធនាការប្រឆាំងទៅនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលសំដៅមកវាយប្រហារសម្តេច ។

តាមបណ្តាញតេឡេក្រាមនាមុននេះបន្តិច សម្តេចបានច្រានចោលទាំងស្រុងអំពីការលើកឡើងរបស់ឆាំ ឆានី ដូចតទៅ៖ “ខ្ញុំចង់ឲ្យបងប្អូនបានស្តាប់នូវការណែនាំរបស់ពួកក្បត់ជាតិនៅក្រៅប្រទេសក្នុងយុទ្ធនាការតាមហ្វេសបុកវាយសំដៅមកលើខ្ញុំ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមនេះ នឹងបង្កើតបាននូវផលអាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស។ នេះជាផែនការរបស់អាក្បត់ជាតិ៣ជំនាន់ដែលម៉ាឡេស៊ីទើបបណ្តេញចេញពីប្រទេសមុននេះបន្តិច”។

សម្តេចថា “ផ្តាំទៅឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី។ លិខិតបញ្ជាក់នោះត្រូវបានសុំយោបល់ខ្ញុំជានាយករដ្ឋមន្ត្រី ហើយនេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ ឯការទទួលស្គាល់ឬមិនទទួលស្គាល់វាជារឿងរបស់គ.ជ.ប។ បើពួកអស់លោកល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះ តើពេលណាទើបមានសេចក្តីសុខ”៕