កម្ពុជា-សិង្ហបុរី ឯកភាពបង្កើតស្ថានីយថែទាំ និងជួសជុលយន្តហោះ នៅអាកាសយានដ្ឋាន អន្តរជាតិតេជោ

ភ្នំពេញ៖ ក្រុមហ៊ុន Cambodia Airport Investment Co., Ltd. (CAIC) និងក្រុមហ៊ុនចុះបញ្ជីនៅទីផ្សារភាគហ៊ុនសិង្ហបុរី SIA Engineering Company Limited (SIAEC) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ បានប្រកាសពីការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហការ ដើម្បីបណ្តាក់ទុនរួមគ្នាលើ line maintenance (ស្ថានីយថែទាំ និងជួសជុលយន្តហោះ) នៅកម្ពុជា។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd.បានថ្លែងថា «យើងមានភាពរីករាយជាខ្លាំង ក្នុងការសហការជាមួយក្រុមហ៊ុន SIAEC ។ យើងមានជំនឿយ៉ាងមុតមាំថា ជំនាញបចេ្ចកទេស និងការបំពេញការងារ អនុលោម តាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាព ជោគជ័យយូរអង្វែង នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឱកាសការងារសំខាន់ៗ ដល់ទីផ្សារពលកម្មយើងកាន់តែច្រើន»។

អ្នកឧកញ៉ាបន្ដថា «យើងមានក្តីរំភើបឥតឧបមា ហើយជឿជាក់ថា កិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក»។

ចំណែកលោក Ng Chin Hwee (ង៉ិន ជិនហ៊ី) អគ្គនាយកក្រុមហ៊ុន SIA Engineeringបានថ្លែងថា ក្រុមហ៊ុន បណ្តាក់ទុនរួមគ្នានេះ ជាការសហការជា មួយក្រុមហ៊ុន CAIC នឹងផ្តល់ការគាំទ្រដ៏ស៊ីជំរៅ ផ្នែក Line Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្ម ប្រកបដោយគុណភាព ទៅដល់ប្រតិបត្តិការ អាកាសចរណ៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ។ លោកបន្ថែមថា វាក៏បានជួយពង្រឹងតួនាទីរបស់ SIAEC ជាប្រតិបត្តិករ ផ្តល់សេវា Line Maintenance ឈានមុខគេជាមួយគុណភាព និងប្រសិទ្ធភាពសេវាកម្មថែទាំ និងជួសជុលខ្ពស់ ដល់អតិថិជននៅបរទេសទាំងអស់។

លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន Cambodia Airport Investment បានពន្យល់ផងដែរថា ការបង្កើតសេវាកម្មថែទាំ និងជួសជុល យន្តហោះនេះ គឺ ចាប់ផ្តើមពីធុនស្រាល ទៅធុនធ្ងន់ ដោយដៃគូសិង្ហបុរី នឹងនាំមកនូវបច្ចេកវិទ្យាបទពិសោធន៍ និងធនធានមកចែករំលែក នៅកម្ពុជា។

លោកឧកញ៉ា ឆារស៍ វ៉ាន់ ថា គម្រោងបង្កើត ស្ថានីយ៍ថែទាំ និងជួសជុលយន្តហោះ អាចនឹងចាប់ផ្តើមដំណាលគ្នា និងការចាប់ផ្តើមដំណើរ ការអាកាសយានដ្ឋាន អន្តរជាតិតេជោ នៅដើមឆ្នាំ២០២៥។ ផ្អែកលើកិច្ចព្រមព្រៀងក្រុមហ៊ុន SIAEC នឹងកាន់កាប់៥១% នៃក្រុមហ៊ុនបណ្តាក់ទុននេះ ហើយក្រុមហ៊ុន CAIC នឹងកាន់កាប់៤៩% ។

ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងបង្កើតឲ្យមានសេវាកម្ម line maintenance នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលត្រូវបានកំណត់ឈ្មោះថា អាកាសយានដ្ឋានអន្តរជាតិតេជោ ។ អាកាសយានដ្ឋានអន្តរជាតិតេជោ (ដំណាក់កាលទី១) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលបានសាងសង់ នៅភាគខាងត្បូងទីក្រុង ចម្ងាយប្រមាណ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាមួយគម្រោងសាងសង់ សរុប១.៥ពាន់លានដុល្លារ។ ការសាងសង់ និងការអភិវឌ្ឍ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែកចេញជា៣ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានដល់៥០លាននាក់ ដោយមានផ្លូវរត់សម្រាប់យន្តហោះបី និងអគារស្ថានីយ៍ផ្សេងៗ គ្របដណ្តប់លើផ្ទៃដីសរុប ២៦០០ហិកតា។ ក្រុមហ៊ុនបណ្តាក់ទុននេះ នឹងចាប់ដំណើរការនៅខែមីនា ឆ្នាំ២០២៥ ស្របពេល ការចាប់ផ្តើមដំណើរ ការរបស់អាកាសយានដ្ឋាន អន្តរជាតិតេជោផងដែរ ៕