អគ្គនាយកដ្ឋានពន្ធដារនឹងចាប់ផ្តើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២៣ ពីថ្ងៃ១ មិថុនាតទៅ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារប្រកាសចាប់ផ្ដើមប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ សម្រាប់ឆ្នាំ ២០២៣ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី ១ មិថុនា រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី៣០ ឧសភា បានឲ្យដឹងថា ចំពោះយានយន្តថ្មី ត្រូវចុះបញ្ជីលើកដំបូង ម្ចាស់យានយន្តត្រូវដាក់លិខិតប្រកាសបង់ពន្ធចំនួន២សន្លឹក តាមទម្រង់ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ ដោយភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖ ប័ណ្ណសម្គាល់យានយន្ត អត្តសញ្ញាណប័ណ្ណផ្ទាល់របស់កម្មសិទ្ធិករ និងវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តចំពោះរថយន្ត ដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរ។

ដោយឡែក យានយន្តធ្លាប់ចុះបញ្ជី ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយ របស់អគ្គនាយកដ្ឋានពន្ធដារកន្លងមក ប៉ុន្តែពុំមានប័ណ្ណសម្គាល់ការបង់ពន្ធ(កាត) ត្រូវបានអនុញ្ញាតឲ្យម្ចាស់យានយន្ត បង់ពន្ធនេះ ដោយពុំតម្រូវឲ្យបំពេញ លិខិតប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទនោះទេ ដោយគ្រាន់តែបង្ហាញ ឬភ្ជាប់នូវឯកសារ ដែលអាចបញ្ជាក់អត្តសញ្ញាណយានយន្តណាមួយ ដូចជា ប័ណ្ណសម្គាល់ យានយន្ត ឬបង្កាន់ដៃទទួលប្រាក់ ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឬលតាបត្រ បង់ពន្ធឆ្នាំចាស់ សម្រាប់ឲ្យមន្ត្រីពន្ធដារ ឬបុគ្គលិកធនាគារពាណិជ្ជដៃគូ ធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងប្រព័ន្ធគ្រប់គ្រងពន្ធមធ្យោបាយរបស់ អគ្គនាយកដ្ឋានពន្ធដារ៕