បណ្ឌិត ហ៊ុន ម៉ាណែត៖ តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជាមានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជន ឥតងាករេ

ខេត្តកំពង់ធំ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជនឥតងាករេដាច់ខាត គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ៣យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ។

ការបញ្ជាក់របស់ឯកឧត្តម បណ្ឌិតបែបនេះក្នុងឱកាសអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តមុនីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

ឯកឧត្តម បណ្ឌិត ថ្លែងដូច្នេះថា ៖ «តាំងពីដើមរៀងមក គណបក្សប្រជាជនកម្ពុជា មានជំហរ និងបុព្វហេតុច្បាស់លាស់ គឺបម្រើជាតិ និងប្រជាជនឥតងាករេដាច់ខាត គណបក្សប្រជាជនកម្ពុជា នឹងបន្តប្រកាន់ខ្ជាប់នូវជំហរ ៣ យ៉ាង ដែលជាមូលដ្ឋានសម្រាប់ដឹកនាំប្រទេសបន្តទៅមុខ៖ ទី១. ជំហររឹងមាំក្នុងការដឹកនាំដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនគ្រប់កាលៈទេសៈ និងការប្តេជ្ញាថែរក្សាសុខសន្តិភាព ស្ថិរភាពទោះក្នុងតម្លៃណាក៏ដោយ, ទី២. សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំគណបក្ស និងនាវាកម្ពុជាឆ្ពោះទៅរកការរីកចម្រើនរុងរឿងបន្ថែមទៀត និងទី៣. ការបន្តថែរក្សានូវសាមគ្គីឯកភាពល្អជានិច្ចសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន និងអនាគត ដោយតម្កល់ផលប្រយោជន៍ជាតិជាគោល ហើយបន្តអនុវត្តតាមគោលនយោបាយរបស់គណបក្សជាប់ជានិច្ច»។

ឯកឧត្តមបន្តថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេសការខិតខំកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យចរន្តសេដ្ឋកិច្ចជាតិ និងការបង្កលក្ខណៈគ្រប់បែបយ៉ាងដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ រួមទាំងសិទ្ធិសេរីភាពផ្នែកជំនឿសាសនាផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម បណ្ឌិត សូមថ្លែងអំណរគុណចំពោះបងប្អូន អ៊ំពូមីង និងលោកយាយលោកតាទាំងអស់ដែលបានសម្រេចចិត្តចាប់យកឱកាស និងចូលរួមគាំទ្ររាជរដ្ឋាភិបាលក្នុងការបន្តដឹកនាំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ជាពិសេសបែងចែកផ្លែផ្កាប្រកបដោយសមធម៌។

ឯកឧត្តមបន្តថា ឈរលើមូលដ្ឋាននេះ សូមចងចាំថា ខ្មែរយើងរួមគ្នា ខ្មែរយើងខ្លាំង ហើយយើងនឹងអាចអភិវឌ្ឍប្រទេសជាតិឱ្យបានកាន់តែរឹងមាំ ជាពិសេសការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពដែលជាលំនឹងយ៉ាងសំខាន់របស់សង្គមជាតិទាំងលើមាគ៌ាដឹកនាំ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ខ្មែររួមគ្នា ទើបយើងអាចមានសន្តិភាព និងមិនមានការបែកបាក់។ ខ្មែររួមគ្នា គឺមិនចូលរួមធ្វើសកម្មភាពអវិជ្ជមាន ដែលប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងដំណើរការនៃការអភិវឌ្ឍជាតិ។

ក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សូមចូលរួមអនុមោទនាត្រេកអរចំពោះព្រះវិហារថ្មី និងសមិទ្ធផលជាច្រើនក្នុងវត្តមុនីរង្សី ហៅវត្តថ្មី ដែលត្រូវបានសម្ពោធឆ្លងនាពេលនេះ ក្រោមម្លប់នៃសុខសន្តិភាព និងស្នាមញញឹមរីករាយរបស់ព្រះចៅអធិការ, ព្រះតេជគុណព្រះសង្ឃ, គណៈកម្មការ-អាចារ្យវត្ត និងពុទ្ធបរិស័ទ ជិតឆ្ងាយ៕