ឯកអគ្គរដ្ឋទូតកូរ៉េថ្មី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់កម្ពុជា

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត PARK Jung-Wook ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ដែលទើបតែងតាំងថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធ។

ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមបណ្ឌិត ឯកអគ្គរដ្ឋទូត បានធ្វើការស្ងើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ក្នុងការបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិនេះ ឯកឧត្តមបានបង្ហាញសុច្ឆនៈយ៉ាងមុតមាំ ក្នុងការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក៏ដូចជាជំរុញ និងពង្រឹងទំនាក់ទំនងរវាងអ្នកវិនិយោគឯកជន ពីប្រទេសកូរ៉េ លើកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសក្នុងវិស័យភស្តុភារកម្ម បន្ទាប់ពី ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងអំពីការបញ្ចប់ផែនការមេស្តីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្មរបស់កម្ពុជា ដែលត្រូវការទុនវិនិយោគប្រមាណជិត ៥០ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងប្រមាណ ៣៣២គម្រោង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ដែលនឹងធ្វើឱ្យវិស័យភស្តុភារកម្ម និងថ្លៃដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជា កាន់តែមានការប្រកួតប្រជែងជាងមុន។

ដោយឡែក ក្នុងកាលៈទេសៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកំពុងបន្តរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាពេលឆាប់ៗខាងមុខនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបង្ហាញនូវកោតសរសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះរហូតទទួលបានជោគជ័យ និងជាកិត្តិសព្ទថ្មីមួយទៀតលើឆាកអន្តរជាតិ ក្នុងវិស័យកីឡា។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដល់ភាគីកូរ៉េ ដែលជានិច្ចកាលតែងតែជួយកម្ពុជាក្នុងការអភិវឌ្ឍស្ទេីរគ្រប់វិស័យ ពិសេសលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការអភិវឌ្ឍធនធានមនុស្ស។

ជាក់ស្តែង អគារមន្ទីរពិសោធន៍សំណង់ និងសាធារណការ ជាជំនួយឥតសំណង របស់ក្រសួង រៀបចំដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ តាមរយៈ វិទ្យាស្ថានកូរ៉េសំណង់ស៊ីវិល និងបច្ចេកវិទ្យាសាងសង់ នៃ “គម្រោងនវានុវត្តន៍ ប្រព័ន្ធសាងសង់ និងគ្រប់គ្រងផ្លូវថ្នល់ ក្នុងប្រទេសកម្ពុជា។ មួយវិញទៀត គម្រោងសាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលនឹងក្លាយជាចំណុចទាក់ទាញមួយនៅកណ្តាលរាជធានី និងជានិមិត្តរូបនៃចំណងមិត្តភាពរវាងប្រទេសទាងពីរ។ ចំពោះមុខនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងដំណើរការនីតិវិធីក្នុងការជ្រើសរើសក្រុមហ៊ុនសាងសង់ ក៏ដូចជាការដោះស្រាយផលប៉ះពាល់ មុននឹងឈានដល់ការកំណត់កាលបរិច្ឆេទ ប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ៕