រុស្ស៊ី ចាត់ទុក​ការវាយប្រហារ​ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែ​ន លើ​ទីក្រុង​មូ​ស្គូ ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​

មូ​ស្គូ​៖ កាសែត Kommersant បាន​រាយការណ៍ កាលពី​ថ្ងៃ​អង្គា​រថា អាជ្ញាធរ​រុស្ស៊ី កំពុង​ចាត់ទុក​ការវាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​ទីក្រុង​មូ​ស្គូ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដោយ​អង្គភាព​ដែលមាន​ឯកទេស​ខាង​ឧក្រិដ្ឋកម្ម​សង្គ្រាម អំពើ​ប្រល័យពូជសាសន៍ និង​ការស្តារ​នីតិសម្បទា​រប​ស់​ពួក​ណា​ស៊ី​ដែល​កំពុងធ្វើការ​លើករ​ណី​នេះ​នៅក្នុង​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​ប្រទេស​។​

យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹងថា យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន ៨ គ្រឿង​ត្រូវបាន​រកឃើញ​នៅក្នុង​ដែនអាកាស​របស់​ទីក្រុង​មូ​ស្គូ កាលពី​ព្រឹក​ថ្ងៃ​អង្គារ ដោយ ៣ គ្រឿង​ត្រូវបាន​បង្ក្រាប​ដោយ​វិធានការ​សង្គ្រាម​អេឡិចត្រូនិក ហើយ​បាន​បង្វែរ​ទិសដៅ​ពី​ផ្លូវ​របស់​ពួកគេ ហើយ ៥ គ្រឿង​ទៀត​ត្រូវ​បាញ់​ទម្លាក់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស Pantsir-S ។​

ទន្ទឹម​នោះ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​បញ្ជាក់ថា យោធា​រុស្ស៊ី បានកំណត់​គោលដៅ​លើ​ទីស្នាក់ការ​កណ្តាល​នៃ​អគ្គនាយកដ្ឋាន​ស៊ើបការណ៍​សម្ងាត់ (GUR) របស់​យោធា​អ៊ុយ​ក្រែ​ន​ក្នុង​ទីក្រុង​គៀវ ជាច្រើន​ថ្ងៃមុន ហើយ​បាន​ស្នើថា ការ​វាយឆ្មក់​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​អាច​ត្រូវបាន​ធ្វើឡើង ដើម្បី​សងសឹក​ការវាយប្រហារ​ពិសេស​នោះ​៕