សម្តេច ម៉ែន សំអន ផ្តល់អានុសាសន៍៨ចំណុច ក្នុងឱកាសខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា និងខួបលើកទី២១ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍កុមារ គ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» និងខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «យុត្តិធ៌មសង្គមសម្រាប់គ្រប់គ្នា ដើម្បីបញ្ចប់ពលកម្មកុមារ» ដែលពិធីបានរៀបចំឡើងនៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ នាព្រឹក ថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់អង្គពិធី ដោយក្តីនឹករលឹក និងការគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា រាជរដ្ឋាភិបាលបានអនុវត្តយ៉ាងពេញលេញ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការលើកកម្ពស់សិទ្ធិ និងឧត្តមប្រយោជន៍ របស់កុមារ ដោយធ្វើយ៉ាងណាឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ទទួលបាននូវគុណភាព គុណតម្លៃ និងគុណធម៌នៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្ម

ស្មើភាពគ្នាក្នុងតម្លាភាពសង្គម ព្រមទាំងជំរុញឱ្យមានការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។ ក្នុងន័យនេះ យើងមានបេសកកម្មរួមគ្នាមួយគឺការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ គ្រួសារ សហគមន៍ រួមទាំងកុមារ ដើម្បីធ្វើឱ្យការអនុវត្តច្បាប់ ផែនការយុទ្ធសាស្រ្តជាតិ គោលនយោបាយ បទដ្ឋាន គតិយុត្ត និងកម្មវិធីនានា សម្រេចបានប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងបន្តយកចិត្តទុកដាក់លើកកម្ពស់ការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងច្បាប់អន្តរជាតិពាក់ព័ន្ធ។

ដើម្បីចាត់វិធានការឱ្យកាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពចំពោះការអភិវឌ្ឍសិទ្ធិកុមារ ក៏ដូចជាសារាចរលេខ០៦សរ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្តល់នូវអនុសាសន៍មួយចំនួន ដូចតទៅ៖

១. ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល លើការអនុវត្ត អនុសញ្ញាស្តីពីសិទិ្ធកុមារ ដោយបន្តធ្វើការផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការការពារ កុមារប្រកបដោយប្រសិទ្ធភាព ជាពិសេសគោលនយោបាយជាតិស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ រួមទាំងសហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជំរុញការអនុម័តច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា។

២. ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល និងសហគមន៍ ត្រូវសហការ ស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្រ្តផ្លាស់ប្តូរឥរិយាបទសង្គមតាមរយៈការអប់រំ ទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាបង្ការ ការពារ និងអន្តរាគមន៍អំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យបានសមស្រប ទាន់ពេលវេលា ជាពិសេសពង្រឹងការអនុវត្តផែនការសកម្មភាពដើម្បីទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ដើម្បីសម្រេចបាន តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងផែនការសកម្មភាពរបស់អាស៊ានស្តីពីអំពើហិង្សាលើកុមារ។

៣. ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់បង្កើននូវការចូលរួមរបស់កុមារនិងយុវជនឲ្យបានគ្រប់កម្រិត ជាពិសេសរាល់ពេលរៀបចំច្បាប់ គោលនយោបាយ លិខិតបទ ដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់រានមានជីវិត តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្មណ៍របស់ពួកគាត់។

៤. ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ត្រូវចូលរួមចាត់វិធានការការពារកុមារពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដោយធ្វើការផ្សព្វផ្សាយដល់យុវជននិងកុមារ មាតាបិតានិងអ្នកថែទាំកុមារ រួមទាំងកម្លាំងសេវាសង្គមអំពីសុវត្ថិភាព កុមារតាមប្រព័ន្ធអនឡាញ ឲ្យយល់ដឹងពីទម្រង់ហានិភ័យនៃប្រព័ន្ធអនឡាញ ចេះកំណត់មុខងារសុវត្ថិភាពនិងឯកជនភាព ព្រមទាំងវិធីរាយការណ៍ និងការប្រើប្រាស់ថ្នាលកម្មវិធីប្រកបដោយសុវត្ថិភាព។

៥. ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តអនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ រួមមានការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងពង្រឹងវិធានការអធិការកិច្ចក្នុងការដកហូតកុមារពីទម្រង់ពលកម្ម។

៦. គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីការការពារកុមារពីការជួញដូរ ការកេងប្រវ័ញ្ចគ្រប់ទម្រង់ អំពើហិង្សា និងការរំលោភបំពានកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសពង្រឹងគុណភាពនៃការផលិតកម្មវិធីសម្រាប់កុមារប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារក្លាយជាជនរងគ្រោះ។

៧. ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ត្រូវអនុវត្តសារាចរលេខ០៦សរ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្តីពីការអនុវត្តអនុសាសន៍របស់ គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

៨. ចំពោះក្មួយៗកុមារ និងយុវជន ត្រូវបង្កើនស្វ័យសិក្សាក្នុងយុគសម័យឌីជីថល មានមូលដ្ឋានគ្រឹះរឹងមាំ មានគុណសម្បត្តិនិងឥរិយាបថវិជ្ជមាន មានចំណេះដឹងទូលំទូលាយលើបំណិនត្រិះរិះពិចារណា, បំណិនផ្នែកនវានុវត្តន៍និងចេះដោះស្រាយបញ្ហា, បំណិនផ្នែកកំព្យូទ័រ, បំណិនផ្នែកជ្រើសរើសជំនាញ, បំណិន ផ្នែកសហការនិងធ្វើការងារជាក្រុម, បំណិនផ្នែកយល់ដឹងពីវប្បធម៌ផ្សេងៗ, បំណិនសិក្សាដោយខ្លួនឯងពេញមួយជីវិត, និងបំណិនផ្នែកភាពជាអ្នកដឹកនាំ ជាពិសេសត្រៀមខ្លួនសម្រាប់ទីផ្សារការងារក្នុងយុគសម័យឌីជីថលនេះ។ ទន្ទឹមនេះដែរ កុមារនិងយុវជន ត្រូវចេះស្វែងរកព័ត៌មានឲ្យបានត្រឹមត្រូវលើអ៊ីនធឺណិត ចេះប្រើប្រាស់និងចែករំលែកព័ត៌មានតាមប្រព័ន្ធអនឡាញ យល់ដឹងពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងបង្កើតមាតិកាឌីជីថល ព្រមទាំងចែករំលែកប្រកបដោយក្រមសីលធម៌៕