អាជ្ញាធរខេត្តមណ្ឌលគិរីប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៤ទិវាកុមារអន្តរជាតិ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពកុមារ

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ អាជ្ញាធរខេត្តមណ្ឌលគិរីប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី៧៤ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ ជាមួយនិងកុមារ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបប្រមាណជាង ៤០០នាក់ ដើម្បីលើកស្ទួយសិទ្ធិកុមារឲ្យមានគ្រប់ទីកន្លែងទាំងអស់ ដែលកម្មវិធីប្រព្រឹត្តទៅ នៅបរិវេណសាលាបឋមពូឡា ស្ថិតនៅក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូរាំង ខេត្តមណ្ឌលគីរី។

ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេតនៃព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ០១មិថុនា ដើម្បីសម្ដែងនូវការគាំទ្រដល់សិទ្ធិកុមារ ក្រៅពីនេះក៏មានគោលនយោបាយជាច្រើនរបស់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិកុមារ  ជាពិសេសគោលនយោបាយជាតិស្ដីពីការគាំពារ និងអភិវឌ្ឍន៍កុមារតូចៗ តាមរយៈការបង្កើនមណ្ឌលសុខភាព និងសាលារៀនបន្ថែមទៀតដល់តំបន់ដាច់ស្រយាលនៅទីជនបទ ដើម្បីឲ្យកុមារបានទទួលសេវាសុខាភិបាល និងការអប់រំ ។

ឯកឧត្តម មានប្រសាសន៍បន្ថែមថា ក្រោយពីបានសម្រេចបង្កើត ទិវាកុមារអន្តរជាតិ អង្គការអន្តរជាតិបានទទួលស្គាល់ជាផ្លូវការលើកុមារទាំងអស់ដោយមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬភេទ ជំនឿសាសនា ដើមកំណើត ហើយត្រូវមានសិទ្ធិទទួលការស្រឡាញ់ថ្នាក់ថ្នម មានម្ហូបអាហារគ្រប់គ្រាន់ បានទទួលការថែទាំសុខភាព ការអប់រំរៀនសូត្រ ដោយមិនគិតថ្លៃ ការការពារប្រឆាំងនឹងការជួញដូរគ្រប់បែបយ៉ាងក្នុង បរិយាកាសសន្តិភាពជាសកលនឹងភាទរភាព។

ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ដែរថា គោលបំណងនៃការប្រារព្ធ ទិវាកុមារអន្តរជាតិ ០១ មិថុនា នេះឡើង គឺដើម្បីអបអរសាទរ ផ្សព្វផ្សាយ និងលើកតម្កើងសិទ្ធិសេរីភាពរបស់កុមារទាំងនៅទីក្រុង ជនបទ និងតំបន់ដាច់ស្រយាល ដែលក្នុងនោះសូម្បីកុមារជនជាតិដើមភាគតិចក៏ត្រូវបានលើកស្ទួយសិទ្ធិសេរីភាពពេញលេញដូចគេឯងផងដែរ ។

សូមបញ្ជាក់ដែរថា ឯកឧត្តម យ៉ង់ សែន និងឯកឧត្តម ថង សាវុន ក៏បាននាំយកថវិកា និងសម្ភារៈការិយាល័យសិក្សាមួយចំនួន ចែកជូនដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅទីនោះផងដែរ៕ ដោយ៖ ផល្លិត ហៅបូរ៉ា