ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអារមេប្រវែង ១០០០ម៉ែត្រនៅស្រុកស្អាង

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការរដ្ឋានជួសជុលផ្លូវបេតុងអាមេប្រវែង១០០០ម៉ែត្រ និងទទឹង ៤,៥ម៉ែត្រ ស្ថិតក្នុងភូមិចំនួន២គឺ ភូមិរកាលើ និងភូមិរកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់ រដ្ឋបាលស្រុកស្អាង នូវចំណុចសំខាន់ៗចំនួន៣ដូចខាងក្រោម៖

១ . ត្រូវអនុវត្តឲ្យបានម៉ត់ចត់ នូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាបាននូវសុខសុវត្ថិភាព និងការអភិវឌ្ឍនៅក្នុងមូលដ្ឋាន ។

២ . ត្រូវបន្តចាក់វ៉ាក់សាំងដូសជម្រុញជាបន្តបន្ទាប់ តាមគោលការណ៍ណែនាំ និងតាមកាលកំណត់ ជូនប្រជាជនអោយបានគ្រប់ៗគ្នា។

៣ . បន្តការអប់រំ ផ្សព្វផ្សាយ ឱ្យស៊ីជម្រៅទូលំទូលាយ អំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ។

សូមបញ្ជាក់ថា នេះជាសមិទ្ធផលថ្មីបន្ថែមជាមួយនិងសមិទ្ធផលនានាជាច្រើនរបស់ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយសោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ មុន្នីឧត្ដម