រដ្ឋមន្ត្រីការងារ ថា ទីផ្សារការងារនៅកម្ពុជាផ្ដល់អត្រាខ្ពស់ជិត១០០ភាគរយនៃកម្លាំងពលកម្មសរុប

ភ្នំពេញ៖ ក្នុងបាឋកថាប្រធានបទស្តីពី «ទីផ្សារការងារ និងការអភិវឌ្ឍសេដ្ឋកិច្ច» នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ដោតលើបេសកកម្ម និងភាពជោគជ័យរបស់ក្រសួងការងារក្នុងការអភិវឌ្ឍទីផ្សារការងារនៅកម្ពុជា និងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានលើកឡើងថា ក្រសួងការងារបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍទីផ្សារការងារ ដើម្បីឱ្យឆ្លើយតបនឹងបម្រែបម្រួលរចនាសម្ពន្ធសេដ្ឋកិច្ច-សង្គម និងបច្ចេកវិទ្យា ក៏ដូចជាដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងសុខុមាលភាពសង្គម តាមរយៈការចូលរួមយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយជាតិសំខាន់ៗមួយចំនួន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ស្ថានភាពទីផ្សារការងារនៅកម្ពុជាមានភាពរឹងមាំដោយរក្សាបាននូវអត្រាមានការងារធ្វើខ្ពស់ប្រមាណ ៩៩,៣% នៃកម្លាំងពលកម្មសរុប ហើយការងារដែលបានបង្កើតនាពេលបច្ចុប្បន្ននេះ ជាការងារក្នុងវិស័យឧស្សាហកម្មបែបទំនើប មានតម្លៃបន្ថែម និងផលិតភាពខ្ពស់ តម្រូវការប្រើប្រាស់កម្លាំងពលកម្មមានជំនាញជាងមុន លក្ខខណ្ឌការងារល្អ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរជាងមុន។

ក្រសួងបានបន្តបង្កើនឱកាសការងារក្នុងប្រទេស តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដោយបានផ្សព្វផ្សាយព័ត៌មានទីផ្សារការងារ ពង្រីកការផ្តល់ប្រឹក្សាយោបល់ និងមគ្គុទេសក៍ការងារ, រៀបចំវេទិការការងារ និងបណ្តុះបណ្តាលជំនាញត្រៀមចូលទីផ្សារការងារជាដើម ហើយប្រជាជនក៏មានជម្រើសក្នុងការស្វែងរកឱកាសការងារក្រៅប្រទេសស្របច្បាប់ ដែលមានលក្ខខណ្ឌការងារល្អ និងប្រាក់ចំណូលខ្ពស់ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្រសួងកំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង ព្រមទាំងអនុវត្តបានយ៉ាងជោគជ័យនូវអនុសាសន៍ទាំង១០ចំណុចរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងពេលចុះជួបសំណេះសំណាលផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតកន្លងមក។

ក្រៅពីនេះ ក្រសួងការងារនៅតែបន្តលើកកម្ពស់សុវត្ថិភាពការងារ និងសុខភាពកម្មករនិយោជិត តាមរយៈការរៀបចំច្បាប់ ការកែលម្អគុណភាពមធ្យោបាយដឹកជញ្ជូនឱ្យកាន់តែមានសុវត្ថិភាព និងតាមស្តង់ដារបច្ចេកទេស ជំរុញការចូលរួមរបស់និយោជកក្នុងការគាំទ្រដល់ទារកដ្ឋានសហគមន៍ ដែលនៅក្បែរតំបន់រោងចក្រជាដើម។

រាជរដ្ឋាភិបាលបាននិងកំពុងជំរុញ ការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦-២០២៥ ដែលមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមដំណាក់កាល និងកម្រិតនៃការអភិវឌ្ឍប្រទេស ដែលបាននិងកំពុងអនុវត្ត។ ការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម ឆ្នាំ២០១៩ បានធ្វើឱ្យប្រព័ន្ធសន្តិសុខសង្គមកម្ពុជា កាន់តែមានលក្ខណៈពេញលេញ។ មកទល់ពេលនេះ កម្ពុជាកំពុងអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធនសម្រាប់កម្មករនិយោជិតដែលស្ថិតនៅក្រោមបទបញ្ញត្តិនៃច្បាប់ស្តីពីការងារ និងមន្រ្តីសាធារណៈ។

ចំពោះវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ក្រសួងបានអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញ និងខិតខំអនុវត្តកម្មវិធីនេះដោយមានភាពបទបែន ក្នុងគោលបំណងបង្កើនមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញឱ្យបានកាន់តែច្រើន ដើម្បីអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ លើសពីនេះ ក្រសួងនឹងចូលរួមជាមួយក្រសួង-ស្ថាប័នផ្សេងទៀតដើម្បី បណ្តុះបណ្តាលជំនាញដល់យុវជនចំនួន ១,៥លាននាក់ ដោយមិនគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងអំឡុងពេលបណ្តុះបណ្តាល ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។

ក្រោមម្លប់សន្តិភាព វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈមានការរីកចម្រើនគួរជាទីមោទនៈ ដោយប្រជាជនមានការងារធ្វើ កន្លែងការងារមានសុខដុមនីយកម្ម មានកំណើននៃការវិនិយោគ ដែលជាមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយបរិយាបន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី៕