ថ្ងៃនេះ ក្រុមបាល់បោះជិះរទេះកម្ពុជា ចាប់ផ្ដើមប្រកួតលើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២

ភ្នំពេញ៖ ការប្រកួតកីឡាបាល់បោះជិះរទេះជនពិការ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងត្រូវចាប់ផ្ដើមការប្រកួត នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នេះហើយ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល(សាលដំរី) នៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ទាំងផ្នែកបុរស និងនារី ខណៈក្រុមកីឡាការិនីកម្ពុជា ត្រូវការពារតំណែងមេដាយមាសរបស់ខ្លួនលើវិញ្ញាសានេះ ។

សម្រាប់វិញ្ញាសា ៣នាក់ ទល់ ៣នាក់ ចំពោះផ្នែកបាល់បោះជិះរទេះបុរស គឺមានបេក្ខភាព ៥ក្រុមប្រទេសចូលរួម គឺមានថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា គ្រាដែលផ្នែកនារី មានបេក្ខភាព ៤ប្រទេសចូលរួម គឺមានថៃ ឡាវ ហ្វីលីពីន និងម្ចាស់ផ្ទះកម្ពុជា ។

ចំពោះរូបមន្ដប្រកួត ទាំងផ្នែកបុរស និងនារី គឺត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ បន្ទាប់មកក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម គឺក្រុមឈរលេខ១ និងលេខ២ ត្រូវជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមមេដាយមាស ខណៈក្រុមលេខ៣ និងលេខ៤ ត្រូវជួបគ្នា ដើម្បីដណ្ដើមមេដាយសំរឹទ្ធ ។

តាមការគ្រោងទុក ការប្រកួតវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ទាំងផ្នែកបុរស និងនារី នេះ ប្រើពេលតែ ២ថ្ងៃប៉ុណ្ណោះ ដើម្បីកំណត់ក្រុមជយលាភី ពោលគឺនៅថ្ងៃទី០២-០៣ ខែមិថុនានេះ ។ បន្ទាប់មកនឹងបន្ដការប្រកួតវិញ្ញាក្រុម ៥នាក់ ទល់ ៥នាក់ម្ដង ដែលបេក្ខភាពចូលរួម ទាំងផ្នែកបុរស និងនារី ដូចគ្នា ចាប់ពីថ្ងៃទី០៤-០៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកីឡាក្នុងសាល នៃពហុកីឡដ្ឋានជាតិមរតកតេជោតែមួយគត់។

សូមជម្រាបថា កាលពីកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅឥណ្ឌូនេស៊ី ក្រុមបាល់បោះជិះរទេះនារីកម្ពុជា គឺដណ្ដើមបានមេដាយមាស បន្ទាប់ពីទទួលបានជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា ក្នុងនោះវគ្គសន្សំពិន្ទុ បានយកឈ្នះឡាវ ១១-៥ពិន្ទុ, ឈ្នះថៃ ៩-៨ពិន្ទុ និងឈ្នះហ្វីលីពីន ១៨-០ពិន្ទុ មុនប្រកួតវគ្គផ្ដាច់ព្រ័ត្រ កម្ពុជា បានបន្តយកឈ្នះក្រុមថៃ ៧-៥ពិន្ទុ៕