Inter Miami សម្រេច​បញ្ចប់​តំណែង​គ្រូបង្វឹក Phil Neville

បរទេស ៖ ក្លិប​ដែល​លេង​នៅ​លី​គ​កំពូល​អាមេរិក Major League Soccer គឺ Inter Miami ដោយមាន​លោក David Beckham ជា​ម្ចាស់​ផង​នោះ បានសម្រេច​បញ្ចប់​តួនាទី​គ្រូបង្វឹក លោក Phil Neville ជា​ផ្លូវការ​ហើយ ក្រោយ​ដឹកនាំ​លេង​ចាញ់ ១០​ប្រកួត ក្នុងចំណោម ១៣​លើកចុងក្រោយ​នេះ​។​

តាមរយៈ​ការបរាជ័យ​ក្នុង​ដី ១​ទល់នឹង​០ ក្រោម​ថ្វី​ជើង​របស់ New York Red Bulls កាលពី​ថ្ងៃ​ពុធ​នោះ គឺជា​ការបរាជ័យ​លើក​ទី​១០ នៃ​ចំណោម ១៣​ប្រកួត​ក្នុង​លី​គរ​បស់​ពួកគេ ដែល​ធ្វើ​ឲ្យ​ក្រុម​ទើប​បង្កើតបាន ៣​រដូវ​កាល​មួយ​នេះ ស្ថិតនៅ​បាត​តារាង​ប្រចាំ​តំបន់ Easter Conference ផងដែរ ក្រោយ​ឆ្លងកាត់ ១៥​ប្រកួត​កន្លងមក​។​

​ទន្ទឹមគ្នា​នោះដែរ គ្រូ​ជំនួយ​របស់លោក Neville គឺ​លោក Jason Kreis ក៏បាន​លាឈប់​ផងដែរ ស្របពេល​លោក Javier Morales គ្រូ​ជំនួយ​ដូចគ្នា ចូល​ដឹកនាំ​ក្រុមបណ្តោះអាសន្ន​វិញ មុន​ជំនួប​ទល់នឹង​ម្ចាស់ផ្ទះ DC United ដោយមាន Wayne Rooney កំពុង​ដឹកនាំ​។​

​សូមជម្រាបថា បុរស​សញ្ជាតិ​អង់គ្លេស វ័យ ៤៦​ឆ្នាំ Neville ត្រូវបានតែងតាំង​ឲ្យ​ដឹកនាំ Miami ក្នុង​ខែមករា ឆ្នាំ​២០២១ ដែល​បាន​ជួយ​ក្លិប​នេះ ឈានដល់​វគ្គ​ជម្រុះ MLS Cup នា​ឆ្នាំ​២០២២ ផងដែរ​៕