សម្តេតេជោផ្ដាំទៅតំណាងពិសេសសិទ្ធិមនុស្ស UN នៅកម្ពុជាឲ្យក្រឡេកមើលពីបញ្ហាសិទ្ធមនុស្សនៅប្រទេសខ្លួនជាងកម្ពុជា

ខេត្តកណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត្យ មុនថាប៊ុន (Vitit Muntarbhorn) ឱ្យក្រឡេកមើលពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកគឺប្រទេសថៃមុននឹងនិយាយអំពីកម្ពុជា។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជាង ១ម៉ឺន៧ពាន់នាក់ នៅសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) ក្នុងស្រុកពញាឮ ខេត្តកណ្ដាល សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយស្នើឲ្យលោក មុនថាប៊ុន ត្រូវនិយាយនូវការពិតពីកម្ពុជា និងសូមយកព័ត៌មានពីរាជរដ្ឋាភិបាលកម្ពុជាទៅផង។

សម្ដេចថា៖ «ខ្ញុំមិនចង់ឲ្យអ្នកឯងនិយាយលើសពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាទេ។ហើយខ្ញុំក៏មិនចង់ឲ្យអ្នកឯងលើកសរសើរខ្ញុំលើស និងនិយាយខុសពីការពិតនៅកម្ពុជាដែរ»។

ជាមួយគ្នានោះសម្ដេចក៏បានផ្ដាំទៅលោក មុនថាប៊ុន ថាសូមឱ្យលោកនិយាយពីបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសរបស់លោកផងជាជាងតែនិយាយអំពីសិទ្ធិមនុស្សនៅកម្ពុជា៕