គណបក្សប្រជាជនកម្ពុជាខេត្តរតនគិរីប្រកាសបញ្ជូលសមាជិកថ្មីចំនួន ១៤៣រូប
ខេត្តរតនគិរី៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តរតនគិរី នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំពិធីប្រកាសបញ្ជូលសមាជិកថ្មីចំនួន ១៤៣រូប នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការគណបក្សប្រជាជន
កម្ពុជាខេត្តរតនគិរី។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបងប្អូនសមាជិកសមាជិកាទាំង១៤៣រូប បានសម្រេចចិត្ត ចូលមករួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញយ៉ាងច្បាស់អំពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាកំពុងពួតដៃកសាងសង្គមជាតិរបស់ខ្លួន និងជម្នះនូវបញ្ហាប្រឈមទាំងឡាយប្រកបដោយភាពជាអ្នកធ្វើជាម្ចាស់លេីជោគវាសនារបស់ខ្លួន ដើម្បីឈានសម្រេចបានគោលដៅប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសជឿនលឿនខ្លាំងក្លាមួយនៅក្នុងតំបន់។ គណបក្សប្រជាជនកម្ពុជាមានឧត្តមគតិស្នេហាជាតិ បានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ប្រទេសជាតិ និងប្រជាជន ហើយ បានសម្រេចនូវសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិកម្ពុជា។
ដូច្នេះដើម្បីជាការឆ្លើយតបទៅនឹងគុណូបការៈដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សូមសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដែលបានប្រកាសបញ្ចូលថ្មីទាំង១៤៣រូប និងសមាជិកសមាជិការដែលបានចូលរួមនៅថ្ងៃនេះ ត្រូវស្មោះត្រង់ចំពោះជាតិសាសនា ព្រះមហាក្សត្រ ស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល។ ត្រូវគោរពការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា។ ត្រូវគោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា តាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គ្រប់ដំណាក់កាលបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល ត្រូវគោរព អនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិជាធរមាន និងគោលការណ៍ណែនាំនានា របស់គណបក្សប្រជាជនកម្ពុជា គ្រប់លំដាប់ថ្នាក់ ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវសាមគ្គីភាពផ្ទៃក្នុង ដើម្បីថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ និងរាល់សមិទ្ធផល សង្គមជាតិ។ សូមចូលរួមបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងការបោះឆ្នោតបន្ត បន្ទាប់ទៀត។ ត្រូវចូលរួមធ្វើចលនាអូសទាញសមាជិក សកម្មជនគណបក្សផ្សេងៗ ព្រមទាំងសាច់ញាតិ បងប្អូន ដើម្បីចូលរួមជីវភាព និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ សូមគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត៕ ដោយ ៖ ជឹម ទូច