សម្តេចតេជោមានជំនឿថានៅឆ្នាំ២០២៧ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានជំនឿយ៉ាងមុតមាំថា កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៧ ហើយនឹងឈានទៅសម្រេចគោលដៅប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ តាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោបានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ននេះបានផ្តល់ឱកាសឱ្យកម្ពុជាអាចឈានទៅដល់គោលដៅនោះ បើទោះបីប្រឈមបញ្ហាបម្រែបម្រួលអាកាសធាតុ ជំងឺរាតត្បាត និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ។
សម្តេចតេជោថ្លែងនេះ ដើម្បីសម្រេចបាននូវគោលដៅនោះ គឺទាមទារឱ្យមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយត្រូវមានការរួមចំណែកពីពលរដ្ឋទាំងអស់ក្នុងការថែរក្សាឱ្យបាននូវសន្តិភាព និងស្ថិរភាពនយោបាយ៕